(ប៉េកាំង)៖ បញ្ជីឈ្មោះអ្នកមានប្រចាំឆ្នាំនៅថ្ងៃអង្គាររ៍នេះ បានបង្ហាញថា អ្នកមានស្តុកស្តម្ភបំផុតនៅក្នុងប្រទេសចិនរកចំណូលបានរហូតដល់ ១,៥ ទ្រីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០នេះ ដែលជាចំនួនច្រើនជាងបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ខណៈដែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឧស្សាហកម្មល្បែងកសាន្តមានស្ទុះយ៉ាងខ្លាំងអំឡុងពេលនៃជំងឺរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

គិតត្រឹមខែសីហា ឆ្នាំ២០២០នេះ មនុស្ស ២៥៧នាក់បន្ថែមទៀត បានក្លាយជាសមាជិកនៃក្លឹបមហាសេដ្ឋី នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ បន្ទាប់ពីចំនួននេះបានធ្លាក់ចុះ ០២ឆ្នាំជាប់ៗគ្នា។ បច្ចុប្បន្ននេះប្រទេសចិនមានមហាសេដ្ឋីសរុបចំនួន ៨៧៨នាក់ ខណៈដែលសហរដ្ឋអាមេរិកមានមហាសេដ្ឋីត្រឹមតែ ៦២៦នាក់តែប៉ុណ្ណោះ។ របាយការណ៍ដដែលបានរកឃើញទៀតថា មនុស្សប្រហែល ២,០០០នាក់ នៅក្នុងប្រទេសចិនមានទ្រព្យសម្បត្តិច្រើនជាង ២ពាន់លានយ័ន (ប្រហែលជា ៣០០ លានដុល្លារអាមេរិក) ក្នុងម្នាក់ៗ ហើយទ្រព្យសម្បត្តិសរុបរបស់ពួកគេមានរហូតដល់ទៅ ៤ទ្រីលានដុល្លារអាមេរិកឯណោះ។

គួរជម្រាបថា លោក ជែក ម៉ា (Jack Ma) ស្ថាបនិកក្រុមហ៊ុនយក្ស Alibaba បានឈរនៅលើកំពូលបញ្ជីឈ្មោះមហាសេដ្ឋីសាជាថ្មីម្តងទៀត បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើន ៤៥ភាគរយ ស្មើនឹង ៥៨.៨ពាន់លានដុល្លារអាមេរិក ក្រោយការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ បានកើនឡើងយ៉ាងខ្លាំង ដោយសារមនុស្សភាគច្រើនជាប់នៅក្នុងផ្ទះ អស់រយៈពេលជាច្រើនខែ អំឡុងពេលដែលរដ្ឋាភិបាល អនុវត្តវិធានការរឹតត្បឹតយ៉ាងតឹងរ៉ឹងបំផុត។

ឈរពីក្រោយលោក Jack Ma គឺលោក ផូនី ម៉ា (Pony Ma) ដែលមានទ្រព្យសម្បត្តិសរុប ៥៧.៤ពាន់លានដុល្លារអាមេរិក។ មហាសេដ្ឋីលំដាប់ទី ២ ដែលជាម្ចាស់ក្រុមហ៊ុនល្បែងកម្សាន្តយក្ស ធិនសិន (Tencent) និងបណ្តាញសង្គម WeChat រូបនេះ បានកើនទ្រព្យសម្បត្តិបន្ថែម ៥០ភាគរយ បើទោះបីជាមានការព្រួយបារម្ភមួយចំនួន អំពីទស្សនវិស័យរបស់ក្រុមហ៊ុន បន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមកំហែងបិទប្រតិបត្តិការ របស់ក្រុមហ៊ុននៅទីនោះជុំវិញបញ្ហាសន្តិសុខជាតិក៏ដោយ។

ដោយឡែកសមាជិកថ្មីបង្អស់គឺលោក ចុង សានសាន (Zhong Shanshan) វ័យ ៦៦ឆ្នាំ ដែលជាម្ចាស់ម៉ាកទឹកសុទ្ធដ៏ល្បី ណុងហ្វុ (Nongfu) បានលោតទៅលំដាប់ទី ៣ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៥៣.៧ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនរបស់លោកបានដាក់លក់ភាគហ៊ុន នៅលើទីផ្សារភាគហ៊ុនហុងកុង (IPO) កាលពីខែកញ្ញាកន្លងទៅ៕