(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរផ្នែកទូរគមនាគមន៍នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ខ្លួននឹងផ្លាស់ប្តូរការសម្រេចចិត្តកាលពី១០ថ្ងៃមុនវិញ ដែលថាចង់បិទកម្មវិធី TikTok។ ការប្រែក្រឡាស់នេះគឺ ដោយសារតែ TikTok បានយល់ព្រមពិនិត្យគ្រប់គ្រងលើវីដេអូខ្លួន ដើម្បីឲ្យស្របទៅតាមច្បាប់របស់ប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងនៅលើបណ្តាញសង្គមដូច្នេះថា «TikTok នឹងលែងត្រូវបិទទៀតហើយ ក្រោយមានការធានាអះអាងថា ពួកគេនឹងចាត់វិធានការទៅលើគណនីទាំងឡាយ ដែលពាក់ព័ន្ធជាមួយការចែកចាយវីដេអូមិនសមរម្យ និងអសីលធម៌»។ កាលពីថ្ងៃទី០៩ ខែតុលា អាជ្ញាធរទូរគមនាគមន៍ប៉ាគីស្ថានបានប្រកាសថា កម្មវិធីលើស្មាតហ្វូនដ៏ល្បីរបស់ចិនមួយនេះ នឹងត្រូវបិទក្នុងប្រទេសប៉ាគីស្ថាន ដោយសារមានការរិះគន់ថា វាពោរពេញទៅដោយវីដេអូដែលមិនសមរម្យនិងអសីលធម៌។

គួរជម្រាបថា នៅឥណ្ឌាដែលធ្លាប់ជាទីផ្សារដ៏ធំ សម្រាប់ TikTok វិញនោះ អាជ្ញាធរបានបិទកម្មវិធីនេះ រួមជាមួយកម្មវិធីចិនជាច្រើនទៀត កាលពីខែមិថុនាកន្លងទៅ ចំពោះមុខភាពតានតឹងជាមួយទីក្រុងប៉េកាំង។ ចំណែកនៅសហរដ្ឋអាមេរិក រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏កំពុងបន្តព្យាយាមបិទកម្មវិធីនេះដែរ ក្រោមហេតុផលថា TikTok បង្កក្តីបារម្ភជុំវិញបញ្ហាសន្តិសុខជាតិនិងទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែមិនទាន់ជោគជ័យនៅឡើយទេ។ បើតាមក្រុមហ៊ុនស្រាវជ្រាវ SensorTower ប៉ាគីស្ថានគឺជាទីផ្សារធំលំដាប់ថ្នាក់ទី១២សម្រាប់កម្មវិធី TikTok៕