(មេនឆេស្ទើ)៖ កីឡាករ Cavani, Maguire, Greenwood, Bailly និង Lingard សុទ្ធមិនបានរួមដំណើរជាមួយ Manchester United ទៅកាន់រដ្ឋធានីបារាំង Paris ដើម្បីជួបប្រកួតទល់នឹង Paris Saint-Germain នៅថ្ងៃបើកឆាក UEFA Champions League នារាត្រីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា ប្រធានក្រុម Harry Maguire វ័យ ២៧ឆ្នាំដែលរកបាន ១គ្រាប់ក្នុងជ័យជម្នះ ៤-១ ទៅលើ Newcastle United នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍នោះ រួមជាមួយ Mason Greenwood ពុំបានរួមដំណើរជាមួយមិត្តរួមក្រុមទៅប្រទេសបារាំងឡើយ ដោយមិនមានបញ្ជាក់មូលហេតុឡើយ គ្រាដែលសមាជិកថ្មី Edinson Cavani ក៏អត់ដូចគ្នា ដោយសារទើបជាពី Covid-19 និងពុំបានហាត់ពេញលេញជាមួយមិត្តរួមក្រុម។

បន្ថែមលើនេះ ក្រុមរបស់លោក Ole Gunnar Solskjaer ក៏អវត្តមានខ្សែការពារកណ្តាល Eric Bailly និងខ្សែបម្រើប្រយុទ្ធ Jesse Lingard បន្តទៀតដែរ ដោយសារមានបញ្ហារបួសជាមិនទាន់ពេល។

United ដែលបានឈ្នះជើងឯកពានរង្វាន់អឺរ៉ុប Champions League ចុងក្រោយក្នុងឆ្នាំ២០០៨ នោះ ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល H ជាមួយ PSG របស់បារាំង Istanbul របស់តួកគី និង RB Leipzig របស់អាល្លឺម៉ង់ ដែលសុទ្ធសឹងប្រកួតបើកឆាកសន្សំពិន្ទុក្នុងពូលនៅរាត្រីនេះដូចគ្នា៕