(ភ្នំពេញ)៖ កីឡាវាយកូនឃ្លីលើតុកម្ពុជា ទទួលបានកូតាបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៨នាក់ ទៅហ្វឹកហាត់រយៈពេលវែងនៅចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ការថ្លែងនេះបានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកជាតិ និងពានរង្វាន់សហព័ន្ធ លើកទី១ ឆ្នាំ២០២០ នាល្ងាចថ្ងៃទី១៩ ខែតុលា នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។ ការប្រកួតនេះមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៧៣នាក់ មកពី ២២ក្លិបទូទាំងប្រទេស។

លោក វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជាបច្ចុប្បន្ន បន្ទាប់ពីការធ្វើកំណែទម្រង់ដឹកនាំរបស់សហព័ន្ធ ក្រោមការចង្អុលបង្ហាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះ CAMSOC ក៏បានស្វែងរកកិច្ចសហការអន្ដរជាតិ ពិសេសជាមួយភាគីចិន ដើម្បីបានបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅចិនត្រៀមស៊ីហ្គេមផងដែរ។

លោកថា «ដើម្បីជំរុញបន្ថែមល្បឿនអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ដល់កីឡាករ-កីឡាកាវិនីវាយកូនឃ្លីលើតុ CAMSOC បានឯកភាពជាមួយក្រុមជំនាញកីឡា និងក្រុមសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុនកីឡាអន្តរជាតិ តំណាងឲ្យអាជ្ញាធរកីឡា នៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់ចំនួនកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុចំនួន ៨នាក់ ត្រៀមទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន»

លោកថា «ដូចនេះសូមសហព័ន្ធត្រៀមលក្ខណៈជ្រើសរើសកីឡាករ-កីឡាការិនីមានទេពកោសល្យ វិន័យ ក្រមសីលធម៌កីឡាល្អបញ្ជូនទៅធ្វើការហ្វឹកហាត់ឲ្យទទួលបានជោគជ័យត្រឡប់មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដណ្ដើមយកមេដាយមាសចំនួន ១គ្រឿង សម្រាប់កីឡាវាយកូនឃ្លីលើតុ តាមតារាងសន្ទស្សន៍មេដាយ ដែល NOCC បានប្រកាសក្នុងមហាសន្និបាត កាលពីដើមឆ្នាំ២០២០ កន្លងមក»

ពាក់ព័ន្ធនឹងការទទួលបានកូតាបញ្ជូនអត្តពលិកទៅហាត់នៅចិនត្រៀមស៊ីហ្គេមនេះដែរ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា សហព័ន្ធនឹងធ្វើការជ្រើសរើសជាពិសេស ដោយផ្ដោតលើគោលការណ៍៤ ទី១-វិន័យ ទី២-វ័យ ទី៣-កាយសម្បទា និងទី៤-បច្ចេកទេស តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានសហព័ន្ធនេះ ដើម្បីធានាការបញ្ជូនទៅហាត់នៅចិន ប្រកបដោយលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា ការបញ្ជូនអត្តពលិកទៅហាត់នៅចិន មិនមែនមានតែកីឡាវាយកូនឃ្លីលើតុនោះទេ ដោយមានកិច្ចសហការល្អរវាងកម្ពុជា-ចិន បានឯកភាពផ្ដល់ឲ្យកីឡាករ-កីឡាការិនីជាង ១០ប្រភេទកីឡា ទៅហ្វឹកហាត់រយៈពេលវែងនៅចិន ដើម្បីហ្វឹកហាត់ដុះខាត់សមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ បើតាមគម្រោង កម្ពុជាអាចនឹងបញ្ជូនអត្តពលិកទៅហាត់នៅចិន នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល៕