(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយមកាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

តាមការសង្កេតមើលពីចរាចរភ្ញៀវចេញចូលក្នុងផ្សារទំនើបថ្មីស្រឡាងចុងក្រោយនេះ និងតួរលេខដែលទទួលបានពីប្រធានគ្រប់គ្រងមណ្ឌលផ្សារទំនើបនេះ ឃើញថាចរាចរនៃការចេញ ចូលរបស់ភ្ញៀវមកកាន់ផ្សារទំនើបមានកំណើនឡើងជាប្រចាំនូវកម្រិត ១០% រៀងរាល់ខែក្នុងរយះពេល ៣ខែចុងក្រោយនេះ។

លោក រិទ្ធី ដែលបម្រើការងារឱ្យក្រុមហ៊ុនឯកជនមួយ ដែលមានទីស្នាក់ការក្នុងសង្កាត់បឹងកេងកង បានបង្ហាញនូវហេតុផលដែលខ្លួនតែងតែនាំក្រុមការងារ មកទទួលអាហារថ្ងៃត្រង់នៅមណ្ឌលផ្សារទំនើបនេះគឺ «បើគិតទៅពី Office ខ្ញុំមកទីតាំងនេះ គឺជិតអាចដើរមកបាន ហើយនៅក្នុងមណ្ឌលផ្សារទំនើបហ្នឹង មានជម្រើសច្រើនទាំងម្ហូប ខ្មែរ ចិន ថៃ ជប៉ុន វៀតណាម អឺរ៉ុប ដែលមាននៅហាងដូចជា On the Table, Sakura, Louisiana Chicken, Santafe, Dim Sum Emperors Cambodia, Sukiyaki, Mikasa Fusion & Longue, Ganh, Banana Leaf ហើយបើភេសជ្ជះវិញមានទាំងតែគុជ Fire Tiger, Chatime រួមជាមួយកាហ្វេ Starbucks ទៀត។

កំពុងអង្គុយជជែកគ្នា អំពីការងារជាមួយដៃគូររបស់ខ្លួននៅក្នុងហាងកាហ្វេ Starbucks លោក កែវ សុវណ្ណី មន្រី្តរាជការ បានឱ្យដឹងថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាទីតាំងល្អបំផុតសម្រាប់លោកក្នុងការណាត់ជជែកពីការងារផ្សេងៗជាមួយមិត្តភក្តិរបស់លោក ដោយសារទីតាំងនេះស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយការិយាល័យមិត្តភក្តិរបសលោកភាគច្រើន គឺនៅជុំវិញទីនេះ ហើយទិដ្ឋភាពនៅជុំវិញក៏ស្រឡះល្អ មើលឃើញសកម្មភាពជុំវិញខ្លួន បូករួមជាភាពសំបូរបែបនៃម្ហូប និង ទំនិញនៅទីនេះផងដែរ រីឯរចនាម៉ូដនៃមណ្ឌលផ្សារទំនើបនេះគឺស្អាតប្លែកខុសពីម៉លដទៃតែម្តង៕