(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័នក្រេឌីត បានប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ បន្ទាប់ពីស្ថាប័នក្នុងស្រុកមួយនេះ លក់ភាគហ៊ុន១០០% ទៅឲ្យក្រុមហ៊ុន CHENG FUNG INVESTMENT(CFI) និងក្រុមហ៊ុន NETGOLD INVESTMENT (NETGOLD ) ដែលការទិញលក់នេះធ្វើឡើងតាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ និងបានបិទបញ្ចប់ការទិញលក់នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

ប្រធានក្រុមប្រឹក្សាភិបាលថ្មី លោកស្រី ប៊ុត កេរ៉ាឌី បានសម្តែងចំណាប់អារម្មណ៍ថា ការសម្រេចវិនិយោគលើ វិស័យហិរញ្ញវត្ថុនាពេលនេះ គឺដោយមើលឃើញពីតម្រូវការទីផ្សារខ្ពស់ និងមានសុខមាលភាពអាជីវកម្មល្អ ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ទាំងទីក្រុង និងជនបទ ដែលកំពុងមានតម្រូវការហិរញ្ញវត្ថុយកទៅពង្រីក ឬបង្កើត មុខរបររបស់ពួកគាត់។

ពិសេសជាងនេះទៅទៀត ដើម្បីរួមចំនែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។ លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានបន្តទៀតថា សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ក្រុមហ៊ុនគ្រោងបន្ថែមដើមទុនវិនិយោគ២៥លានដុល្លារបន្ថែមទៀត។

លោក ញាណ វីរៈ ប្រធានអគ្គនាយក របស់គ្រឹះស្ថានបាយ័ន ក្រេឌីត ម.ក បានថ្លែងថា ជាមួយនឹងភាពប៉ិនប្រសប់ និងគុណវឌ្ឍរបស់បុគ្គលិក ក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ អាចធ្វើឲ្យគ្រឹះស្ថានមានសមត្ថភាពប្រកួតប្រជែង នៅលើទីផ្សារសម័យទំនើបនៃវិស័យហិរញ្ញវត្ថុដូចបច្ចុប្បន្ន។

សម្រាប់គ្រឹះស្ថានបាយ័នក្រេឌីត គឺផ្តោតយកចិត្តទុកដាក់ខ្លាំងលើការបម្រើសេវាកម្មអតិថិជន ក្នុងការប្រកួតប្រជែង ស្របតាមពាក្យស្លោករបស់ខ្លួនគឺ
«ផ្តល់ជូនលោកអ្នកនូវសេវាកម្មជាទីគាប់ចិត្ត» (BRING THE BEST) ដោយផ្អែកលើការរចនាផលិតផលតាមតម្រូវការអតថិជន បំពាក់បច្ចេកវិទ្យាធនាគារថ្មីទំនើបៗ គឺធ្វើយ៉ាងណា បំពេញតាមការចង់បានរបស់អតិថិជន និងផ្តល់លទ្ឋផលជាវិជ្ជមានជូនម្ចាស់ភាគហ៊ុននិក ដោយអនុលោមតាមច្បាប់ ជាពិសេសការប្រកាន់ភ្ជាប់ និងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិដែលជាអាណាព្យាបាលរបស់យើង។

លោកប្រធានអគ្គនាយក បានបន្ថែមដោយសុទិដ្ឋិនិយមទៀតថា «គ្រឹះស្ថាន បាយ័ន ក្រេឌីត បានរចនានូវពាណិជ្ជសញ្ញាថ្មី ដែលជាអត្តសញ្ញាណមួយយ៉ាងជាក់លាក់ ដល់សាធារណៈជន ជាមួយនឹងបេសកម្មនិងចក្ខុវិស័យយូរអង្វែង ផែនការអាជីវកម្មច្បាស់លាស់ ការសហការគ្នារវាងបុគ្គលិក និងបុគ្គលិកគ្រប់ឋានៈ ព្រមទាំងគោលការណ៍អភិបាលកិច្ចល្អ នឹងធ្វើឲ្យស្ថាប័នមួយនេះដណ្តើមបានការគាំទ្រយ៉ាងខ្លាំងនៅពេលដ៏ខ្លីខាងមុខ។

ស្របពេលជាមួយគ្នានេះដែរ គ្រឹះស្ថាន បាយ័ន ក្រេឌីត ក៏បានធ្វើពិធីសូត្រមន្ត ក្រុងពាលី ឡើងអាគារការិយាល័យថ្មី ដែលមានអាស័យដ្ឋានស្ថិតនៅអគារលេខ ៣៤២មហាវិថី ព្រះមុនីវង្ស កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អគារថ្មីនេះមានកម្ពស់ ១៩ជាន់ សាងសង់ឡើងតាមបទដ្ឋានស្តង់ដារត្រឹមត្រូវ ហើយកន្លែងបម្រើអតិថិជនធំទូលាយប្រកបដោយផាសុខភាព និងសុវត្ថិភាព ប្រកបដោយភាពទាក់ទាញខ្ពស់ អគារថ្មីនេះបានចំណាយទឹកប្រាក់ជិតមួយលានដុល្លារអាមេរិកក្នុងការរចនា។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក បានបង្កើតតាំងពីឆ្នាំ២០១១ដោយទទួលបាន អជ្ញាប័ណ្ណប្រកបអាជីវកម្មហិរញ្ញវត្ថុ និងទទួលបានអជ្ញាប័ណ្ណប្រកបអាជីវកម្ម ភតិសន្យា នៅឆ្នាំ២០១៧ ពីធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ គិតមកទល់សព្វថ្ងៃ មានការិយាល័យសាខាប្រតិបត្តិការចំនួន៦កន្លែង នៅតាមបណ្តាលខេត្តសំខាន់ៗ ដែលមានអតិថិជនប្រាក់កម្ចីជាង២.៩៣២នាក់ និងមានបុគ្គលិកកំពុងបម្រើការងារជិត១០០នាក់ មានដើមទុនចុះបញ្ជីថ្មី៣លានដុល្លារ៕