(ប៉េកាំង)៖ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យា (MIIT) របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា ចិនកំពុងបង្កើនសន្ទុះ នៃការសាងសង់បណ្តាញ 5G នៅក្នុងប្រទេសខ្លួន ហើយគិតមកទល់នេះ ចិនសាងសង់បង្គោល 5G សរុបបានច្រើនជាង ៦០០,០០០បង្គោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

លោក វិន គូ (Wen Ku) ដែលជាមន្រ្តីរបស់ក្រសួងព័ត៌មានវិទ្យាចិន បានលើកឡើងដូច្នេះថា «ក្នុងរយៈពេល៣ឆ្នាំខាងមុខ ចិននឹងស្ថិតនៅដំណាក់ដំបូងនៃការអភិវឌ្ឍ 5G ដូច្នេះការប្រឹងប្រែងបង្កើនសន្ទុះការសាងសង់បង្គោលបណ្តាញ គឺជារឿងដ៏ចាំបាច់»។ យោងតាមទិន្នន័យរបស់ក្រសួង MIIT ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់ 5G ចំនួនឧបករណ៍ដែលតភ្ជាប់នៅលើបណ្តាញ 5G របស់ចិន បានកើនលើសពី១៥០លានគ្រឿង។

គួរជម្រាបថា បើតាមការយល់ឃើញរបស់ លោក លីវ ឌូ (Liu Duo) ប្រធានបណ្ឌិតសភាព័ត៌មានវិទ្យានិងទំនាក់ទំនងបច្ចេកវិទ្យាចិន ខណៈចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ 5G បន្តកើនឡើងទាំងនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក សេវាកម្មបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតដែល ពាក់ព័ន្ធជាមួយ 5G នឹងទទួលបានការរីកចម្រើនទៅមុខខ្លាំងផងដែរ៕