(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ ដើម្បីបើកកំណត់ត្រាថ្មី ក្នុងការប្រកួតជម្រើសជើងឯកលីគទី២ កម្ពុជា ឆ្នាំ២០២០ ស្របពេលសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងក្រុម U21 កងយោធពលខេមរភូមិន្ទ (ទ័ព) បានរក្សាភាពខ្លាំង ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួនក្នុងសប្ដាហ៍ទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ខេត្តត្បូងឃ្មុំ សុទ្ធតែកើតឡើងនៅចុងម៉ោង ពោលគឺធ្វើបានសម្រេចដោយកីឡាករ ម៉ាន់ ស្លេះ នៅនាទី៤៤ និងកីឡាករ កូប វ៉ាន់នី នៅនាទី៩០+២។ ជ័យជម្នះនេះបានបង្កើតឲ្យមានកំណត់ត្រាថ្មីមួយ គឺខេត្តត្បូងឃ្មុំ បានស្គាល់ជ័យជម្នះលើកដំបូង ខណៈ ISI ដង្កោសែនជ័យ បានស្គាល់បរាជ័យលើកដំបូង ក្នុងចំណោម ៣ប្រកួតនាដើមរដូវកាលនេះ។

ដោយឡែកសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានយកឈ្នះក្រុមភ្ញៀវខេត្តស្វាយរៀង ៦-០ ស្របពេលក្រុម U21 កងយោធពលខេមរភូមិន្ទ បានយកឈ្នះក្រុមម្ចាស់ផ្ទះឬទ្ធីសែន ៨-២ នៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។ នេះគឺជាជ័យជម្នះលើកទី៣ ដែលនាំឲ្យខេត្តព្រៃវែង និងក្រុម U21 កងយោធពលខេមរភូមិន្ទ បន្ដឈរកំពូលតារាង ដោយមាន ៩ពិន្ទុពេញស្មើគ្នា។

ចំពោះលទ្ធផលប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៣ ចំនួន ២ប្រកួតផ្សេងទៀតរួមមានក្រុម U21 កងយោធពលខេមរភូមិន្ទ បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ស្ពឺ ៤-១ និងក្រុមកោះកុងអែហ្វស៊ី បានយកឈ្នះក្រុមសៀមរាបអែហ្វស៊ី ២-១៕