(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានរាប់រយគ្រួសារនៃប្រជាជនកម្ពុជាបានទទួលថវិកាសង្គ្រោះបន្ទាន់ បន្ទាប់ពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបើកបណ្តាញសេវាហិរញ្ញវត្ថុរបស់ខ្លួន ឲ្យអង្គការអុកស្វាមកម្ពុជា និងដៃគូផ្តល់ជំនួយបន្ទាន់ ដល់កម្មករដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងខែកញ្ញាកន្លងទៅ អង្គការអុកស្វាមកម្ពុជា បានសហការជាមួយធនាគារឯកទេសវីង ដើម្បីផ្ទេរសាច់ប្រាក់ទៅឱ្យកម្មករងាយរងគ្រោះ និងសមាជិកសហគមន៍ផ្សេងដ៏ទៃទៀតប្រមាណ ៣,០០០ នាក់ ដោយរួមបញ្ចូលទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករផងដែរ។
អង្គការអុកស្វាមកម្ពុជា ក៏បានចែកជូននូវសម្ភារការពារ និងបង្ការមេរោគកូវីដ១៩ ដល់សមាជិកចំនួន ១,០០០នាក់ នៅក្នុងបណ្តាញអង្គការដៃគូរបស់ខ្លួន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា គំនិតផ្តួចផ្តើមរបស់ធនាគារឯកទេសវីង ជាមួយអង្គការអុកស្វាមកម្ពុជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វីង ដើម្បីជួយដល់គ្រួសារខ្មែរឲ្យអាចដោះស្រាយជីវភាពបានក្នុងគ្រាលំបាកនេះ។

លោក ម៉ានូ បានថ្លែងបន្ដថា «ក្នុងនាមជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ វាចាំបាច់ដែលយើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនរបស់យើង»។ធនាគារឯកទេសវីងត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈចូលរួមជាមួយដៃគូ និងសហគមន៍ដើម្បីការពារប្រជាជនកម្ពុជា ឲ្យឆ្លងកាត់គ្រាលំបាកទាំងនេះបាន។

ដោយពិចារណាលើស្ថានភាពនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមក ធនាគារឯកទេស វីង បានរៀបចំឲ្យមានគំនិតផ្តួចផ្តើមផ្សេងៗ ដោយផ្តោតលើការជួយដល់អ្នកដែលបាត់បង់ប្រភពប្រាក់ចំណូល។ នេះរួមបញ្ចូលទាំងការរៃអង្គាសប្រាក់ ដើម្បីគាំទ្រដល់អ្នករត់រ៉ឺម៉កនិង មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាមន្ទីរពេទ្យកុមារអង្គរ ដែលផ្តល់ការព្យាបាលដល់កុមារដោយឥតគិតថ្លៃ។

កាលពីខែមីនាកន្លងទៅនេះ ធនាគារឯកទេសវីង បានបើកឲ្យមានការផ្ទេរប្រាក់ពីគណនេយ្យវីង ទៅគណនេយ្យវីងដោយឥតគិតថ្លៃ ដល់អតិថិជនរបស់ខ្លួនទាំងអស់ នៅកម្ពុជាដែលអនុញ្ញាតឱ្យពួកគេ ប្រើកម្មវិធីស្មាតហ្វូនវីងដើម្បីផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ ពីដោយមិនចាំបាច់ធ្វើដំណើរចេញពីផ្ទះ។

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានឱ្យដឹងថា ស្របពេលដែលមាន ការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងបណ្តាលអ្នកដែលបានចូលរួមទាំងឡាយដែលបានជួយគាំទ្រ កម្មករដែលងាយរងគ្រោះក្នុងកំឡុងពេលដ៏លំបាកនេះ អុកស្វាម និងដៃគូពាក់ព័ន្ធ មានជំនឿថាការផ្តល់ការជួយគាំទ្រដល់តំណាងកម្មករក៏មានសារសំខាន់ផងដែរ។

លោកស្រីបន្ដថា «ព្រឹត្តិការណ៍នេះបានបង្ហាញពីសាមគ្គីភាពរបស់យើងទាំងអស់គ្នាដើម្បីជំរុញឲ្យមានកិច្ចគាំពាសង្គមមួយប្រកបដោយបរិយាប័ន្ន សម្រាប់កម្មករដែលងាយរងគ្រោះ ជាពិសេសស្រ្តី និងកុមារ និងដើម្បីចូលរួមជួយកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគាត់ និងបង្កើនភាពធន់ កំឡុងពេលមានវិបត្តិនាពេលបច្ចុប្បន្ននិងអនាគត»

អង្គការអុកស្វាម បានគាំទ្រប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ ដោយផ្តោតលើការអភិវឌ្ឍ សមភាពយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិ។
ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ធនាគារឯកទេស វីង កំពុងតែពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដល់ដៃគូជាច្រើនដែលកំពុងជួយប្រជាជនទូទៅ។
ក្រៅពីអង្គការអុកស្វាមកម្ពុជា វីងក៏បានធ្វើការជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនផងដែរ។ ចាប់តាំងពីខែឧសភាមក ធនាគារឯកទេស វីង បានពង្រីកការគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្មករដែលត្រូវបានព្យួរការងារ ពីវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍។ ហើយចាប់ពីខែមិថុនាមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ធនាគារឯកទេស វីងដើម្បីចែកប្រាក់ឧបត្ថម្ភប្រចាំខែដល់ប្រជាជនដែលងាយរងគ្រោះ ឬរស់នៅក្នុងភាពក្រីក្រផងដែរ៕