(ភ្នំពេញ)៖ បន្ទាប់ពីបានចាកចេញពីពិភពសិល្បៈអស់រយៈពេល១១ឆ្នាំ នៅពេលនេះវត្តមានរបស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា បានត្រឡប់មកកាន់សង្វៀនសិល្បៈវិញហើយ ដោយចាប់ឱកាសបានសម្តែង ជាតួឯកខ្សែភាពយន្តភាគថ្មីលើកដំបូង របស់ស្ថានីយទូរទស្សន៍ហង្សមាស និងទទួលបានការងារជាហូរហែផងដែរ ត្បិតមានងារជាតារាចាស់វស្សា ប៉ុន្តែទីផ្សារសិល្បៈនៅតែមិនចាញ់តារាវ័យក្មេងៗជាច្រើនដួងទើបរះមកនោះទេ។ យ៉ាងណាមិញ មហាជនស្រាប់តែមានចម្ងល់ថា ហេតុអ្វីតារាជើងចាស់រូបនេះ បោះបង់អាជីពជាម្ចាស់សំអាងការ មកចាប់សិល្បៈវិញ ខណៈសព្វថ្ងៃគេសង្កេតឃើញថាមុខរបរសំអាងការនេះ កំពុងមានការពេញនិយម?

ឆ្លើយតបនឹងចម្ងល់ទាំងនេះ តាមរយៈចូលរួមជាតារាកិត្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» អ្នកនាង សឿ សុធារ៉ា បានឲ្យដឹងថា តាមពិតទៅកាលពីមុននាងមានសំអាងការផ្ទាល់ខ្លួនមួយ ដាក់ឈ្មោះនាងផ្ទាល់តែម្តង ខណៈសំអាងការនេះ គឺជាការងាររបស់នាងផ្ទាល់ជាមួយបងប្រុសបង្កើតឈ្មោះ សឿ សារ៉ាវុទ្ធ។ តែជាការសោកសៅ បងប្រុសបង្កើតម្នាក់នេះរបស់នាង មានជំងឺបេះដូង រហូតដល់បាត់បង់ជីវិត ដែលធ្វើឲ្យនាង និងគ្រួសារមានការសោកស្តាយជាខ្លាំង។ ជាពិសេសអនុស្សាវរីយ៍របស់នាង ជាមួយបងប្រុស ក្នុងការងារសំអាងការគឺមានជាច្រើន។

អ្នកនាង សឿ សុធារ៉ា បានសង្កត់ធ្ងន់ថា កាលដែលនាងសម្រេចចិត្តបោះបង់ចោលមុខរបរនេះ គឺដោយសារតែមិនចង់នឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗជាមួយបងប្រុស ដែលនាំឲ្យនាងចេះតែមានអារម្មណ៍សោកស្តាយ ហេតុនេះទើបនាងសេងសំអាងការចោលតែម្តង ខណៈបច្ចុប្បន្ននេះក៏បានត្រឡប់មកសិល្បៈឡើងវិញ ដោយប្រកាសទទួលគ្រប់កម្មវិធីទាំងអស់ មិនថាសម្តែង ឬច្រៀងឡើយ។

ដូចទស្សនិកជនបានជ្រាបស្រាប់ថា អ្នកនាង សឿ សុធារ៉ា ជាតារាសម្តែងចាស់វស្សាម្នាក់ ដែលមានបទពិសោធន៍សម្តែងភាពយន្តតាំងពីវ័យ១៣ឆ្នាំមកម្ល៉េះ ត្បិតពេលនេះមានគ្រួសារ និងតារាជំនាន់ក្រោយមានច្រើនជាបន្តបន្ទាប់ តែតារាសម្តែងដួងនេះ នៅតែដណ្តើមតំណែងជាតួឯកបានដដែល គ្រាដែលប្រកាសចូលសិល្បៈឡើងវិញ។

សឿ សុធារ៉ា បានសង្កត់ធ្ងន់បន្ថែមថា ការសម្រេចចិត្តចូលសិល្បៈជាថ្មីវិញនេះ គឺឆ្លើយតបទៅនឹងការទទូចរបស់មហាជន ដែលចង់ឲ្យនាងមានវត្តមានក្នុងសិល្បៈឡើងវិញ។ នាងថា ចាប់ពីថ្ងៃនេះតទៅ គឺនឹងទទួលគ្រប់ទម្រង់សិល្បៈទាំងអស់ រួមទាំងការច្រៀងតាមរយៈកម្មវិធីមង្គលការ និងពិធីតូចធំផ្សេងៗដទៃទៀត។

ការបង្ហាញវត្តមានឡើងវិញ របស់តារាសម្តែងធ្លាប់មានប្រជាប្រិយភាព អ្នកនាង សឿ សុធារ៉ា ត្រូវបានទស្សនិកជនមើលឃើញថា នឹងនៅតែរក្សាការគាំទ្របានច្រើនដដែល ទោះបីជានាងឃ្លាតឆ្ងាយអស់រយៈពេលច្រើនឆ្នាំមកហើយក្តី។ តាមរយៈទេពកោសល្យ ក៏ដូចជារូបសម្រស់អំណោយផលពីធម្មជាតិ សឿ សុធារ៉ា នៅតែអាចរក្សាបានតំណែងជាតួធំ ឬតួឯក នៅក្នុងខ្សែភាពយន្តនីមួយៗ ដែលនាងបង្ហាញវត្តមានចូលរួមសម្តែង។ ដំណឹងនៃការចូលមកសម្ដែងវិញនេះ បានធ្វើឲ្យផលិតករភាពយន្តមួយចំនួន អាចនឹងបង្វែគោលដៅចាប់មកនាងធ្វើជាតារាសម្តែង នៅក្នុងរឿងរបស់ខ្លួនជាមិនខាន៕