(កូរ៉េ)៖ ក្រុមចម្រៀង K-POP បុរសល្បីឈ្មោះបោះសំឡេង BTS បានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីថ្លែងសារពីជីវិតនៃភាពជោគជ័យរបស់ពួកគេ ក្នុងថ្ងៃ «ទិវាយុវជន» ជាលើកដំបូង។ តាមរយៈនេះ ក្រុម BTS បានចែករំលែកបទពិសោធន៍ជោគជ័យរបស់ពួកគេ និងផ្តល់សារជាក្តីសង្ឃឹមទៅកាន់យុវ័យ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានមោទនភាពចំពោះពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមចម្រៀងបុរស BTS មានភាពជោគជ័យជាខ្លាំង នៅលើវិថីចម្រៀងរបស់ពួកគេ ជាមួយសមាជិកចំនួន៧នាក់ ខណៈថ្មីៗនេះ BTS បានក្លាយជាក្រុមចម្រៀង K-POP ដំបូងបង្អស់ ដែលមានចម្រៀងឈរនៅលេខរៀងទី១លើតារាង Billboard របស់អាមេរិក ជាមួយនឹងចម្រៀងជាភាសាអង់គ្លេសរបស់ពួកគេ ចំណងជើងថា «Dynamite»។

ឈរនៅលើវេទិកា នៅចំពោះមុខប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in សមាជិកទាំង៧នាក់របស់ក្រុមចម្រៀង BTS បាននិយាយពីការតស៊ូរបស់ពួកគេជាច្រើនឆ្នាំមកនេះ ចាប់តាំងពីបានចាប់ដៃគ្នាបង្កើតក្រុម BTS ឡើង និងភាពជោគជ័យដែលពួកគេទទួលបាន នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយវាជាគោលដៅរបស់ក្រុមទាំងមូល។

ប្រធានក្រុម BTS លោក RM បាននិយាយថា «ជីវិតរបស់មនុស្សទាំង៧នាក់នេះ គឺមានឡើងមានចុះ... ខ្ញុំនៅចាំបានថា កាលពីឆ្នាំ២០១៨ ពួកយើងទាំង៧នាក់ បានបាត់បង់ បន្ទាប់ពីជោគជ័យជាច្រើនរួចមក។ ពួកយើងមិនដែលជឿលើផ្លូវមួយនេះ ថានឹងទទួលបានផ្លែផ្កានោះទេ ពីព្រោះពួកយើងមិនដឹងថាពេលណានឹងចាប់ផ្តើមម្តងទៀតទេ»

ដើម្បីឲ្យប្រាកដថាមានសុភមង្គល និងមិនមានអ្វីប៉ះពាល់ដល់ជីវិតរបស់អ្នក សូមបន្តធ្វើដំណើរទៅមុខប្រកបដោយភាពក្លាហាន ដូចដែលអ្នកបានធ្វើកន្លងមក។ RM ថ្លែងបន្ថែម។

គួរជម្រាបថា ទិវាយុវជនលើកទី១របស់កូរ៉េខាងត្បូងត្រូវបានប្រារព្ធឡើង បន្ទាប់ពីច្បាប់ស្តីពី «សិទ្ធនិងទំនួលខុសត្រូវរបស់យុវជន» ​មានវ័យចាប់ពី១៩ដល់៣៤ឆ្នាំ ទើបតែអនុម័តកាលពីខែមុនកន្លងទៅ៕