(សៀមរាប)៖ ធ្វើដំណើរតាមផ្លូវវង់តូច ចេញពីច្រកទ្វារជ័យនៃក្រុងអង្គរធំ កាត់ស្ទឹងសៀមរាបតាមស្ពានតាកែវ និងបន្តហួសទៅមុខបន្តិច គេនឹងឃើញប្រាសាទភ្នំដ៏ស្កឹមស្កៃមួយធ្វើពីថ្មភក់ធំៗ ដែលមានឈ្មោះដើមហៅថា «ហេមស្រិង្គ» ឬ «ហេមគិរី» ខណៈបច្ចុប្បន្នស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះត្រង់ថា ថ្វីដ្បិតកសាងឡើងយ៉ាងខ្ពស់ស្កឹមស្កៃ ប៉ុន្តែប្រាសាទភ្នំនេះគ្មានចម្លាក់លម្អអ្វីនោះឡើយ រីឯថ្មភក់នៅប្រាសាទនេះទៀតសោត គឺមានពណ៌សចម្លែកពិសេសខុសពីថ្មនៅបណ្តាប្រាសាទដទៃ។

ប្រាសាទនេះដែរបានចាប់កសាងឡើងនៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ និងបន្តរហូតសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា ប៉ុន្តែការងារស្ថាបត្យកម្មនេះក៏នៅតែមិនបានរួចស្រេចបាច់ដដែល។

ពាក់ព័ន្ធនឹងឈ្មោះប្រាសាទ គឺមានឈ្មោះជាច្រើនតាមការហៅរបស់អ្នកស្រុក និងអ្នកស្រាវជ្រាវ ដោយខ្លះហៅថា ប្រាសាទកែវ ប្រាសាទព្រះកែវ ប្រាសាទតាកែវ ឬ បន្ទាយកែវជាដើម។ ប៉ុន្តែទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានអះអាងថា ប្រាសាទភ្នំមួយនេះ គឺជាតំណាងនៃភ្នំព្រះសុមេរុ មានឈ្មោះ «ហេមគិរី» មានន័យថា «ភ្នំមាស»

 សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ៖ https://www.facebook.com/321069095355550/posts/769905610471894/?extid=GiDdB80RJnE7PMnO&d=n