(បរទេស)៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក Cardi B បានដាច់ចិត្តទម្លាយមូលហេតុពិតប្រាកដ ដែលនាំទំនាក់ទំនងរវាងនាង និងស្វាមី គឺ Offset បានឈានដល់ទីបញ្ចប់ ខណៈនៅថ្ងៃសៅរ៍កន្លងទៅនេះ នាងបានធ្វើការ Live វីដេអូ បង្ហាញទៅកាន់អ្នក Follow ចំនួន ៧៥.៥ លាននាក់ថា ការលែងលះនេះ មិនធ្វើឲ្យនាងខូចចិត្តនិងឈឺចាប់នោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

តារារ៉េបសិចស៉ី Cardi B ដែលទើបតែទៅដាក់ពាក្យលែងលះស្វាមីនៅតុលាការនៅដើមខែកញ្ញានេះ បានប្រាប់ទៅដល់អ្នកគាំទ្ររបស់នាងយ៉ាងខ្លីថា មូលហេតុដែលនាងបែកបាក់គ្នា គឺដោយសារការរស់នៅមិនចុះសម្រុងគ្នា ពោលគឺការបែកបាក់នេះ មិនមែនមកពីភាពមិនស្មោះត្រង់របស់ស្វាមីរបស់នាងកន្លងមកនោះទេ។

តារាចម្រៀងរូបនេះនិយាយថា នាងនិងស្វាមីបានចែកផ្លូវគ្នាអស់រយៈពេល៣ឆ្នាំមកហើយ គឺតាំងពីខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែមិនបង្ហាញពីសាធារណៈ។ តែយ៉ាងណារឿងនេះ បានបែកធ្លាយក្នុងខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានស្វាគមន៍កូនស្រីដំបូង ឈ្មោះ Kulture។

គួរជម្រាបថា Cardi B គឺជាតារារ៉េបដ៏មានប្រជាប្រិយភាពមួយរូប ដែលមានអ្នកគាំទ្រជាច្រើនលាននាក់ជុំវិញពិភពលោក ជាពិសេសនាងថែមទាំងជាតារាមួយរូបទទួលបានពានរង្វាន់ជាច្រើនផងដែរ ក្នុងនោះរួមទាំងពានរង្វាន់ «Grammy Award», ពានរង្វាន់ «Billboard Music Awards» ចំនួន៧, ពានរង្វាន់ «Guinnesss World Records» ចំនួន៥, ពានរង្វាន់ «American Music Awards» ចំនយន៤, ពានរង្វាន់ «MTV Video Music Awards» ចំនួន៤ និងពានរង្វាន់ធំៗលំដាប់អន្តរជាតិជាច្រើនទៀត៕