(ប៉ារីស)៖ កីឡាករ Tennis មានដល់ទៅ ៥នាក់បានប្រកាសដកខ្លួនពីការប្រកួតជម្រុះនៃព្រឹត្តិការណ៍ French Open 2020 នៅប្រទេសបារាំង បន្ទាប់ពីឆ្លងជំងឺ Covid-19 និងត្រូវបង្ខំឲ្យស្នាក់នៅដាច់ដោយឡែគពីគេជាបណ្តោះអាសន្នសិនផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍របស់ទីលាន Roland-Garros ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករ ២រូបដែលត្រូវលេងវគ្គជម្រុះនៅ French Open ឆ្នាំនេះ ត្រូវបានប្រកាសដកខ្លួនវិញហើយ ក្រោយពិនិត្យឃើញ Covid-19 ដែលមិនត្រូវបានបញ្ចេញឈ្មោះឡើយ រួមទាំងកីឡាករ ៣នាក់ផ្សេងទៀតដែលបានប៉ះពាល់ផ្ទាល់ជាមួយគ្រូបង្វឹកដែលមានផ្ទុកជំងឺផ្លូវដង្ហើមផងនោះ ក៏ត្រូវអវត្តមានដូចគ្នា។

គិតមកទល់នេះ French Open បានធ្វើតេស្តមន្រ្តី គ្រូបង្វឹក និងកីឡាករប្រមាណ ៩០០នាក់ ដោយទើបតែរកឃើញមាន Covid-19 តែ ៥នាក់ប៉ុណ្ណោះចាប់តាំងពីថ្ងៃធ្វើតេស្តថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មុនពេលការប្រកួតនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា នៅទីលានដីឥដ្ឋ Roland Garros ដែលស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងតែមួយគត់៕