(ក្រុងឡុងដ៍)៖ Liverpool ដែលជាក្រុមការពារតំណែងជេីងឯក Premier League បានយកឈ្នះគូប្រជែងដែលសល់សមាជិក ១០នាក់ តោខៀវ Chelsea ក្នុងលទ្ធផល ២-០ បន្តលេងមិនចាញ់ ២ប្រកួតជាប់គ្នានៃរដូកាលថ្មីនេះ។

កីឡាករខ្សែការពារ Christensen ត្រូវបានពិន័យកាតក្រហមនៅនាទី៤៥ បន្ទាប់ពីចាប់ទាញSadio Mane របស់ Liverpool នៅពេលបាល់ដាច់មាត់ពីលេីតំបន់ដំបូលទូក ក្រោយប្រធានក្រុមហង្សក្រហម Jordan Henderson បញ្ជូនបាល់ផ្តាច់ឡេីងមកលេីឲ្យខ្សែប្រយុទ្ធសេណេហ្គាល់។

Mane ជាអ្នកសម្រេចបានទាំង ២គ្រាប់ ក្រោយទទួលបាល់ពី Roberto Firmino នៅនាទី៥០ និងរំលងបានតែ ៤នាទីប៉ុណ្ណោះធ្វេីបានគ្រាប់ទីទៀត ដែលជាកំហុសរបស់អ្នកចាំទី Kepa Arrizabalaga ពេលបញ្ជូលបាល់ប៉ះចំជេីង Mane នៅកីឡដ្ឋាន Stamford Bridge។

៣ពិន្ទុជាលេីកទី២នេះដែរ បានធ្វេីឲ្យក្រុមរបស់លោក Jurgen Klopp ស្ថិតក្នុងចំណោម ៥ក្រុមដែលរកបាន ៦ពិន្ទុស្មេីគ្នាជាមួយ Leicester City, Arsenal, Crystal Palace និង Everton។

Chelsea ដែលចំណាយជាង ២០០លានផោនទិញកីឡាករ ៧នាក់នារដូវកាលនេះ មានតែ Timo Werner និង Kai Havertz ដែលត្រូវបានដាក់ចូលលេងក្នុងប្រកួតបេីកឆាកនៅ Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីរកបាន ៣ពិន្ទុនៅថ្ងៃបេីកឆាកពេលយកឈ្នះ Brighton ៣-១៕