(បរទេស)៖ ក្នុងសប្តាហ៍នេះ សិល្បករល្បីឈ្មោះនៅអាស៉ីដែលមានវ័យ៣៦ឆ្នាំដូចគ្នា បានទទួលមរណភាពចំនួន៣នាក់ហើយ បន្ទាប់ពីតារាតៃវ៉ាន់ Alien Huang ជាតារាទី៣ ត្រូវបានប្រទះឃើញស្លាប់នៅក្រៅបន្ទប់ទឹកក្នុងផ្ទះរបស់លោក។ យ៉ាងណាមិញ ពេលនេះមូលហេតុនៃការស្លាប់របស់តារាប្រុសរូបនេះ ត្រូវបានបង្ហាញហើយ គឺដោយដាច់សរសៃឈាមបេះដូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ជាការកត់សម្គាល់ បន្ទាប់ពីតារាសម្តែងប្រុស Alien Huang ស្លាប់ភ្លាមៗមានការសន្និដ្ឋានថា លោកស្លាប់ដោយសាររអិលដួល ពេលចេញពីបន្ទប់ទឹក ព្រោះត្រូវបានឪពុករបស់លោកប្រទះឃើញស្លាប់ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ជាមួយនឹងសកម្មភាពមិនដឹងខ្លួននៅក្រៅបន្ទប់ទឹកក្នុងផ្ទះ ជាមួយស្នាមរបួសត្រង់ក្បាល។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យលើ អ្នកគ្រប់គ្រងរបស់តារាប្រុស Alien Huang បានបង្ហាញថា តារាសម្តែង Alien Huang បានទទួលមរណភាពដោយសារសាច់សរសៃឈាមបេះដូង។

គួរជម្រាប តារាតៃវ៉ាន់ លោក Alien Huang ដែលមានវ័យ៣៦ឆ្នាំ ត្រូវបានគេដឹងថា ជាសិល្បករអាស៉ីទី៣ហើយ ដែលបានស្លាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការស្លាប់របស់តារាស្រីជប៉ុន Ahina Sei នៅថ្ងៃច័ន្ទសប្តាហ៍នេះ និងតារាកូរ៉េ Oh In-Hye នៅប៉ុន្មានថ្ងៃមុននេះ៕