(អាមេរិក)៖ ក្រុមហ៊ុន Facebook និង Instagram ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើចារកម្មលើអ្នកប្រើប្រាស់តាមរយៈកាមេរ៉ាស្មាតហ្វូន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

តុលាការបានរកឃើញថា កាលពីខែកក្កដាកន្លងទៅនេះ កម្មវិធី Instagram បានប្រើប្រាស់កាមេរ៉ា iPhone ដោយគ្មានការអនុញ្ញាតពីម្ចាស់ ពោលគឺកាមេរ៉ាដើរដោយស្វ័យប្រវត្តិ ប៉ុន្តែម្ចាស់ទូរស័ព្ទ iPhone មិនបានដឹងនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានក្រុមហ៊ុន Facebook បញ្ជាក់ថា កើតមានបញ្ហា Bug និងត្រូវបានជួសជុលរួចហើយ ប៉ុន្តែតុលាការបានរកឃើញថា វាមិនមែនដូចការលើកឡើងរបស់ Facebook នោះទេ ផ្ទុយទៅវិញ គឺ Facebook បានធ្វើចារកម្មដើម្បីតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ជាពិសេសគឺថតសកម្មភាពដែលមាននៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីធ្វើជាប្រយោជន៍ក្នុងការផ្សព្វផ្សាយពាណិជ្ជ។

តុលាការបានបញ្ជាក់ថា ទង្វើរបស់ Facebook គឺជាករណីចារកម្ម ដោយទី១ ប្រើប្រាស់កាមេរ៉ាស្មាតហ្វូនដោយគ្មានការអនុញ្ញាត ទី២ លួចថតសកម្មភាពក្នុងផ្ទះ ដោយរំលោភលើសិទ្ធិឯកជន៕