(ម៉ូនិច)៖ ការប្រកួតបាល់ទាត់នៃលីគកំពូលអាល្លឺម៉ង់ Bundesliga 2020-2021 ដែលមាន ១៨ក្រុមផងនោះ នៅបើកឆាកក្រុមការពារតំណែងជើងឯក Bayern Munich បានយកឈ្នះក្រុម Schalke ៨-០ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Serge Gnabry ធ្វេីបានហែតទ្រីក។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងការប្រកួតនោះដែរ កីឡាករចំណូលថ្មី Leroy Sane ដែលទិញក្នុងតម្លៃប្រមាណ ៤៤.៧លានផោនពីក្រុម Manchester City ក៏រកបាន ១គ្រាប់នៅនាទី១៩ បន្ទាប់ពីបញ្ជូនបាល់ពីមិត្តរួមក្រុម Gnabry ដោយនៅក្នុងជំនួបបើកឆាកនេះដែរ Bayern បានស៊ុតបំប៉ោងសំណាញ់ទី Schalke ដល់ទៅ ៨គ្រាប់ពីការធ្វើបានដោយកីឡាករ Robert lewandowski, Leon Goretzka, Thomas Muller និងកីឡាករវ័យ ១៧ឆ្នាំ Jamal Musiala ក៏អាចធ្វើបានផងដែរ។

៣ពិន្ទុដោយស្រួលក្នុងទឹកដីនេះដែរ បានធ្វេីឲ្យ Bayern Munich ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្នមាន ដោយចំណេញគ្រាប់ស៊ុតបាន ៨គ្រាប់ក្នុងនាមជាក្រុមការពារតំណែងជើងឯក៕