(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាននឹងកំពុងរៀបចំនូវគម្រោងថវិកាបឋម ដើម្បីត្រៀមចំណាយមុនពេល អំឡុងពេល និងក្រោយពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឲ្យក្លាយជាព្រឹត្តិការណ៍សន្សំសំចៃបំផុត (Saving Games)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC កាលពីពេលថ្មីៗ អគ្គលេខាធិការដដែល បានបញ្ជាក់ថា គម្រោងថវិកាបឋមនេះ ស្ថិតក្នុងការគ្រោង និងដំណាក់ការរៀបចំនៅឡើយ ដើម្បីព្រាងអំពីការចំណាយផ្សេងៗ ចាប់ពីមុនពេលចាប់ផ្ដើម រហូតដល់ទីបញ្ចប់។ អ្វីដែលពិសេស គម្រោងនេះ គឺស្ថិតក្រោមគោលការណ៍ណែករួមមួយ ដើម្បីកុំឲ្យមានការខ្ជះខ្ជាយថវិការដ្ឋ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «វាជាការរៀបចំដោយជំនាញសិន មិនទាន់អនុម័ត ឬក៏សម្រេចទៅលើគោលការណ៍ណាមួយទេ គ្រាន់តែថាយើងគោរពទៅតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណាឲ្យក្លាយជា Saving Games គឺការរៀបចំព្រឹត្តិការណ៍មួយ ដែលសន្សំសំចៃបំផុត ក្នុងការរៀបចំរបស់យើង ព្រោះយើងមិនអាចធ្វើឲ្យខ្ជះខ្ជាយនូវថវិការដ្ឋ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះបានទេ»

គួរបញ្ជាក់ថា មកទល់ពេលនេះ CAMSOC កំពុងដុតដៃដុតជើង សហការជាមួយស្ថានប័នកីឡាជាតិ ពិសេសក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផលិតធនធានមនុស្ស ត្រៀមស្វាគមន៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ រីឯផ្នែកហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមទទួលបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះដែរ៕