(ភ្នំពេញ)៖ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបថា បេក្ខភាពចូលរួមប្រកួតជម្រើសជើងឯកនារី ឆ្នាំ២០២០ បានកំណត់រួចហើយ ដោយមាន ១០ក្រុមចូលរួម តែក្នុងនោះមានក្រុមបាល់ទាត់នារី មកពីក្លិបសមាជិកលីគកំពូលកម្ពុជាតែ ៤ក្រុមប៉ុណ្ណោះ។

ចំពោះក្រុមសមាជិកលីគកំពូលកម្ពុជា រួមមានក្រុមបាល់ទាត់នារីបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមបាល់ទាត់នារីកងយោធពលខេមរភូមិន្ទ ។ រីឯ ៦ក្រុមទៀត រួមមានខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងខេត្តសៀមរាប។

តាមការគ្រោងទុកក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌនេះរួច សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំកម្មវិធីចាប់ឆ្នោតនាថ្ងៃទី២១ ខែកញ្ញាដើមសប្ដាហ៍ក្រោយ ក៏ដូចជាប្រកាសនូវកាលបរិច្ឆេទប្រកួតផ្លូវការ គ្រាដែលកម្មវិធីប្រកួតចាស់ គឺគ្រោងប្រកួតតាំងពីថ្ងៃទី០៦ ខែកញ្ញាម្ល៉េះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១៕