(ភ្នំពេញ)៖ នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ។ ក្រៅពីពិធីបុណ្យទាំងពីរនេះ នៅក្នុងពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។

ជាទូទៅគេតែសម្គាល់ឃើញ មុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំដែលពលរដ្ឋខ្មែរនិយមវេចនោះរួមមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅមួយ ស្តីពីអត្ថន័យ, ជំនឿ, ប្រវត្តិ និងរបៀបធ្វើនំអន្សម ដូចតទៅ៖

* អត្ថន័យរបស់នំអន្សម

«អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។

អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។ល។

* ជំនឿសាសនាព្រាហ្មណ៍ ជាហេតុនាំឲ្យមាននំអន្សម

យោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។

ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។

ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។

* ប្រវត្តិនំអន្សម

«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។

ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។

* របៀបធ្វើនំអន្សម

ដំបូងយើងត្រូវហែកស្លឹកចេក ឬស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាតនិងត្រូវត្រៀមខ្សែ សម្រាប់ចង។ គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។

បន្ទាប់មកទៀត ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱជារស ហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះ យើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជា ម្រេច អំបិល មើមខ្ទឹមស ជាដើម។

ក្រោយមក យើងអាចវេចបានហើយ។ ការវេចយើងត្រូវចំណាយពេលពី១ ទៅ២ម៉ោងអាស្រ័យទៅលើចំនួនអង្ករដែលយើងវេច។ ដំបូងយើងត្រូវលាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក បន្ទាប់មករោយសណ្ដែកលឿងពីលើរួចដាក់សាច់ជ្រូកពីលើ ហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។

បន្ទាប់ពីវេចហើយត្រូវឆ្លងកាត់ដំណាក់កាលមួយទៀត គឺចង។ ការចងនំមិនមែនជាការងាយនោះទេ។ យើងត្រូវចងឲ្យណែនល្អ បើមិនដូច្នេះទេនៅពេលស្ងោរ ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញ។ បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។

ការស្ងោរត្រូវចំណាយពេលប្រមាណពី៥ ទៅ៦ម៉ោង ទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលជាប់ជានិច្ច យើងត្រូវមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំឆ្អិនបានល្អ៕