(ប៉ារីស)៖ ក្លិបយក្សបារាំង Paris Saint Germain រកបាន ៣ពិន្ទុដំបូងនៅលីគកំពូលបារាំង Ligue 1 ក្នុងសប្តាហ៍ទី៣ ក្រោយកីឡាករខ្សែប្រយុទ្ធ Julian Draxler ស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ Metz យកឈ្នះក្នុងលទ្ធផល ១-០។ នេះបើតាមការចេញផ្សាយដោយ BCC នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

PSG បានយកឈ្នះគូប្រជែងយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Parc des Princes ជាមួយកូនក្រុមរបស់លោក Thomas Tuchel នៅសល់តែ ១០នាក់លើទីលាន បន្ទាប់ពីខ្សែការពារ Abdou Diallo បង្កកំហុសទទួលបានកាតក្រហមនៅនាទី៦៥ ខណៈខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Draxler ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០+៣។

នេះជា ៣ពិន្ទុដំបូងរបស់ក្លិបការពារតំណែងជើងឯក Ligue 1 ដែលបានចាប់ផ្តើមរដូវកាលថ្មី២០២០-២០២១ ក្នុងចំណោម ៣ប្រកួត ឈ្នះ១ និងចាញ់២។ PSG ត្រូវទៅប្រជែងជាមួយក្រុមម្ចាស់ផ្ទះ Nice នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដោយអវត្តមានខ្សែប្រយុទ្ធ Neymar ចំនួន ២ប្រកួតដោយសារជាប់បម្រាម៕