(ពិភពលោក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក ក្រោមការដឹកនាំរបស់លោក Tim Cook ក្នុងនាមជានាយកប្រតិបត្តិ (CEO) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ បានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ទីផ្សារឈានដល់២ទ្រីលានដុល្លារអាមេរិក ($2,000,000,000,000) ខណៈកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុននេះមានតម្លៃលើទីផ្សារប្រមាណ ១ទ្រីលានដុល្លារអាមេរិក ($1 Trillion)។

ចាប់តាំងពីពេលចូលដឹកនាំក្រុមហ៊ុន Apple នៅឆ្នាំ២០១១ ជំនួសលោក Steve Jobs, ធីម ខុក បានបង្កើតខ្លួនរបស់គាត់ឲ្យក្លាយទៅជាមនុស្សឯកជនយ៉ាងសម្ងាត់មួយរូប ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើក្រុមហ៊ុន ជាងជីវិតរបស់គាត់ទៅទៀត។ មកដល់ពេលនេះគេអាចរកចំណុចគន្លឹះមួយចំនួន ដែលគាត់តែងតែប្រតិបត្តិប្រចាំថ្ងៃ ហើយវិធីទាំងនេះជួយឲ្យគាត់ក្លាយជាបុគ្គលជោគជ័យមួយរូប។ តើប្រិយមិត្តអ្នកអានដឹងទេថា លោក ធីម ខុក នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple មានទម្លាប់ប្រចាំថ្ងៃយ៉ាងដូចម្តេចខ្លះ?

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីទម្លាប់ប្រចាំថ្ងៃរបស់ CEO រូបនេះដូចខាងក្រោម៖

* ក្រោកពីដំណេកយ៉ាងឆាប់រហ័ស ហើយអានអ៉ីម៉ែល ប្រហែល៨០០សារ៖

ជារឿយៗលោក ធីម ខុក ក្រោកពីដំណេកមុនថ្ងៃរះ ដែលនេះជាទម្លាប់មួយកម្រមានមនុស្សដទៃអនុវត្តន៍តាមណាស់។ បើតាមប្រភពពី USA Today និងដកស្រង់ការផ្សាយដោយ Business Inseder បានឲ្យដឹងថា ជាធម្មតាគាត់ក្រោកពីដំណេក នៅវេលាម៉ោង ៣៖៤៥នាទីព្រឹក។

សម្រាប់ ធីម ខុក ការក្រោកពីដំណេក ហើយអានអ៉ីម៉ែល គឺជាការងារត្រីមុខរបស់គាត់។ គាត់អានអ៉ីម៉ែលប្រហែលពី ៧០០ទៅ ៨០០សារ ដែលគាត់ទទួលបានជារៀងរាល់ថ្ងៃ។

ប្រភពពី Business Insider បានបន្ថែមថា «ក្រោកពីដំណេកភ្លាម ធីម ខុក ជាមនុស្សយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអានអ៉ីម៉ែលទាំងនេះជាប្រចាំ មុនធ្វើអ្វីៗទាំងអស់»

បន្ទាប់មកទៀត ធីម ខុក ទៅធ្វើលំហាត់ប្រាណអំឡុងម៉ោង៥ព្រឹក។ ទោះបីជាក្រុមហ៊ុន Apple មានបរិវេណយ៉ាងធំទូលាយក្តី នាយកប្រតិបត្តិរូបនេះ មិនធ្វើលំហាត់ប្រាណ ក្នុងបរិវេណក្រុមហ៊ុននេះឡើយ គឺគាត់ចូលចិត្តលក្ខណៈឯកជន ហើយធ្វើលំហាត់ប្រាណ នៅបរិវេណខាងក្រៅជានិច្ច។

* ជាមនុស្សមិនសូវចេះនិយាយស្តី៖

ដូចគេដឹងហើយថា បុគ្គលជាច្រើនមានចំណេះដឹងជ្រៅជ្រះខ្លាំងណាស់ ប៉ុន្តែសិល្បៈនៃការនិយាយមិនសូវមានឡើយ។ ដូចគ្នានេះដែរ ធីម ខុក គឺជាមនុស្សមិនសូវចេះនិយាយស្តីច្រើននោះទេ។

ទោះជាយ៉ាងណាក៏ដោយ គាត់ស្រឡាញ់កាយសម្បទាណាស់។ គាត់មានការវាស់សុខភាពជាប្រចាំផងដែរ ហើយជាពិសេសនោះ គាត់តែងតែឲ្យតម្លៃខ្លាំងទៅលើនាឡិកាវៃឆ្លាត Apple Watch ដែលគាត់ជឿជាក់ថា វាជួយវាស់ពីការឡើងចុះនៃទម្ងន់បានយ៉ាងល្អ។

មិនមានការបញ្ជាក់ច្បាស់ទេថា ធីម ខុក ហូបអាហារពេលព្រឹកទៀងទាត់ ឬអត់។ បន្ថែមលើនេះ គេក៏មិនដឹងថា គាត់ចូលចិត្តហូបអ្វីដែរ។

ប៉ុន្តែមានម្តងនោះ គេឃើញគាត់ហូបស៊ុតចៀន ជាមួយនឹងធុញ្ញជាតិដែលគ្មានជាតិស្ករ ហើយគាត់ក៏ហូបទឹកដោះគោ លាយរុក្ខជាតិអាល់ម៉ង់ដែលមិនផ្អែម ក្នុងអំឡុងពេលអង្គុយផ្តល់បទសម្ភាសឲ្យព័ត៌មាន New York Times ។ លើសពីនេះ គាត់ក៏ចូលចិត្តហូបសាច់ជ្រូកបីជាន់ ជាពិសេសសាច់ជ្រូកបីជាន់ របស់តួកគី។

* ជាមនុស្សចូលចិត្តធ្វើការងារជាក្រុម តែមិនសូវចេះសណ្តោសប្រណី៖

ខ្មែរយើងមានសុភាសិតថា ចិត្តមិនដាច់ធ្វើស្តេចមិនកើត។ ក្នុងន័យនេះ គេចង់ឲ្យមនុស្សយើងចេះបត់បែន ឬជាមនុស្សទន់ភ្លន់តែមិនទន់ជ្រាយឡើយ។

ចំពោះ ធីម ខុក វិញនោះ ពេលម៉ោងការងារម្តងៗ លោកត្រូវបានគេរាយការណ៍មកថា ជាមនុស្សចូលចិត្តសហការគ្នា និងជាអ្នកចូលចិត្តការស្តាប់ច្រើនជាងនិយាយ។

ប៉ុន្តែ ធីម ខុក មានកិត្តិសព្ទថា ជាចៅហ្វាយដែលមិនសូវមានចិត្តសណ្តោសប្រណីឡើយ។ តាមការឲ្យដឹងមកថា នៅពេលធ្វើការងារអ្វីមួយ នាយកប្រតិបត្តិរូបនេះ តែងតែសួរសំណួរទៅបុគ្គលិកគ្រប់រឿងរ៉ាវទាំងអស់ ហើយក៏តែងតែអ៉ីម៉ែល ទៅបុគ្គលិកគ្រប់ពេលវេលាផងដែរ។ នេះបើតាមប្រភពពី Time ស្រង់ការផ្សាយដោយ Business Insider ។

បន្ថែមទៅលើការឆាប់ចូលកន្លែងធ្វើការ ធីម ខុក ជាមេដឹកនាំដែលកម្រចេញពីកន្លែងធ្វើការវិញណាស់។ គាត់ធ្លាប់និយាយថា «ខ្ញុំជាមនុស្សម្នាក់ ដែលចូលធ្វើការមុនគេ ហើយក៏ជាមនុស្សម្នាក់ ដែលចេញពីធ្វើការមុនគេផងដែរ»

នៅពេលមានភារកិច្ចនៅខាងក្រៅ ធីម ខុក ចូលចិត្តភាពស្ងប់ស្ងាត់ គឺគាត់មិនសូវនិយាយស្តីអ្វីឡើយ ដូចដែលបានសរសេរខាងលើនេះ។ ទោះបីជាយ៉ាងនេះក្តី ចំពោះសកម្មភាពលំហែរកាយវិញ គាត់ចូលចិត្តគយគន់ទេសភាពតាមព្រៃភ្នំ និងជិះកង់តាមវាលស្រែ។

* ទទួលទានដំណេក ៧ម៉ោង ជារៀងរាល់យប់៖

ជាការពិតណាស់ មនុស្សយើងត្រូវការសម្រាកទាំងរាងកាយ និងខួរក្បាល ដើម្បីបំពេញថាមពល ដែលបាត់បង់ប្រចាំថ្ងៃ បន្ទាប់ពីបញ្ចេញសកម្មភាពផ្សេងៗ។ អ្នកវិទ្យាសាស្ត្រលើកឡើងថា ការទទួលទានដំណេកពី ៧ម៉ោង ទៅ៧កន្លះ ជារៀងរាល់យប់ ធ្វើឲ្យខួរក្បាលយើងដំណើរការបានល្អ និងមានថាមពលពេញលេញទៀតផង។

បើនិយាយពីការទទួលទានដំណេកវិញ បុរសជោគជ័យ ធីម ខុក ចំណាយពេល៧ម៉ោងជារៀងរាល់យប់។ មានន័យថា គាត់ត្រូវតែចូលដំណេកនៅម៉ោង ៨៖៤៥នាទីយប់ ដើម្បីបំពេញថាមពល មុនពេលក្រោកពីដំណេកវិញ នៅម៉ោង ៣៖៤៥នាទីព្រឹក៕