(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ការធ្វើតេស្ដយុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២០ ដោយជោគជ័យ និងចម្រាញ់បានកីឡាករល្អៗ ២២នាក់ក្នុងចំណោមយុវជនជិត ៥០០នាក់ ដើម្បីក្លាយសមាជិកក្រុមយុវជន U18 ផ្លូវការរបស់ក្លិបជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ។

តាមការឲ្យដឹងពីលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុម U18 របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងបានឲ្យដឹងថា ក្នុងចំណោមយុវជនជិត ៥០០នាក់ដែលមកពីគ្រប់រាជធានី-ខេត្ត និងចូលរួមធ្វើតេស្ដខាងលើ គឺបែងចែកជា ៧ដំណាក់កាល ពិសេសដំណាក់កាលទី៧ ក៏មានការចូលរួមពីការធ្វើតេស្ដពីកីឡាករចាស់ៗចំនួន ១១នាក់ដែរ។

គ្រូបង្វឹក A-License ខាងលើបន្ដថា ដំណាក់កាលទី១ ដល់ទី៥ គឺជាការធ្វើតេស្ដយុវជន មកពីតាមបណ្ដាខេត្ត ហើយយុវជនដែលជាប់តាមដំណាក់កាលនីមួយៗ ត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី៦ ដើម្បីជម្រុះអ្នកខ្លាំងទៅធ្វើតេស្ដដំណាក់កាលទី៧ ជាមួយកីឡាករចាស់ៗទាំង ១១នាក់ ដើម្បីកំណត់លទ្ធផលចុងក្រោយ ក្នុងនោះមានកីឡាករថ្មីៗ ១៥នាក់ និងកីឡាករចាស់ៗ ៧នាក់បានជាប់ស្ថាពរ។

ទន្ទឹមជាមួយគ្នា លោកបានបង្ហាញនូវក្ដីរំពឹងខ្ពស់ ចំពោះយុវជន ដែលទើបបញ្ចប់ការធ្វើតេស្ដដោយជោគជ័យ ដោយសង្ឃឹមពួកគេ នឹងបន្ដការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាពានរង្វាន់ផ្សេងៗក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខាងមុខ៕