(ក្រុងឡុងដ៍)៖ ប្រធានក្រុម Arsenal កីឡាករ Pierre-Emerick Aubameyang បានបន្តកិច្ចសន្យាថ្មីរយៈពេល ៣ឆ្នាំទៀតជាមួយក្លិប។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធអន្តរជាតិកាបុង វ័យ ៣១ឆ្នាំបានចូលរួមជាមួយក្រុមកាំភ្លើងធំនៅខែមករាឆ្នាំ ២០១៨ និងឈ្នះស្បែកជើងមាសក្នុងក្របខណ្ឌ Premier League នៃរដូវកាលដំបូងរបស់គាត់ក្នុងឆ្នាំ២០១៨-១៩។

Aubameyang បាននិយាយថា ការចុះកុងត្រាជាមួយក្លិបពិសេសនេះ គឺមិនដែលសង្ស័យឡើយ។ ខ្ញុំជឿជាក់លើក្រុម Arsenal។ យើងអាចសម្រេចបាននូវរឿងធំជាមួយគ្នា។ យើងមានអ្វីដែលគួរឱ្យរំភើបនៅទីនេះ ហើយខ្ញុំជឿជាក់ថា អ្វីដែលល្អបំផុតគឺការមក Arsenal។

គួររលឹកផងថា កិច្ចសន្យាចាស់របស់ Aubameyang នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ២០២០-២១ ជាមួយកិច្ចសន្យាថ្មីដែលនឹងផុតកំណត់ដល់ឆ្នាំ២០២៤ ខាងមុខនៅ Emirates។

ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះបានស៊ុតបាល់បញ្ចូលទីក្នុងការទទួលជ័យជម្នះរបស់ក្រុម Arsenal នៅឯផ្ទះក្រុម Fulham កាលពីថ្ងៃសៅរ៍ដែលជាការប្រកួតដំបូងនៃរដូវកាលថ្មីនៃក្របខណ្ឌ Premier League។

គាត់ក៏បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ផងដែរពេលប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីខែកក្កដាដោយធានាកៅអីរបស់ក្រុមកាំភ្លើងធំនៅ Europa League រដូវកាលក្រោយ៕