(ភ្នំពេញ)៖ គណៈកម្មការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំយុទ្ធនាការហ្វឹកហាត់ត្រៀមពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០២១ ខាងមុខ ដោយគ្រោងបញ្ចូលក្រុមអ្នកស្ម័គ្រចិត្តចូលរួមហាត់សមប្រមាណ ១ម៉ឺននាក់ឯណោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងកាលពីថ្មីៗថា ពិធីបើក និងបិទស៊ីហ្គេម គឺជាកម្មវិធីដ៏សំខាន់ដែលប្រទេសជាម្ចាស់ផ្ទះ ត្រូវយកចិត្តទុកដាក់ ក្នុងនោះកម្ពុជា ក៏ត្រៀមធ្វើការហ្វឹកហាត់ ដោយគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ខាងមុខ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ។

លោកថា ការហ្វឹកហាត់ទៀតសោត គឺត្រូវការអ្នកស្ម័គ្រចិត្តច្រើន អាចឈានដល់ក្បែរ ១ម៉ឺននាក់ តែការហ្វឹកហាត់បែងចែកជាក្រុមៗ រហូតដល់ពេលវេលាសមស្របមួយ ទើប CAMSOC រៀបចំយុទ្ធនាការហ្វឹកហាត់ទ្រង់ទ្រាយធំ ដើម្បីធ្វើឲ្យមានភាពទាក់ទាញខ្លាំង ក្នុងពិធីបើក-បិទស៊ីហ្គេម ដែលនឹងត្រូវផ្សព្វផ្សាយពាសពេញពិភពលោក។

សូមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានកំណត់កាលបរិច្ឆេទរួចហើយ ដោយនឹងប្រារព្ធពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងពិធីបិទ គ្រោងធ្វើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ បន្ដទៀតដែរ៕