(ដូហា)៖ ក្លិបបាល់ទាត់ Al Wahda របស់ប្រទេសអារ៉ាប់រួម ត្រូវបានដកចេញពីលីគ AFC Champions League ឆ្នាំ២០២០ នេះ បន្ទាប់ពីមិនបានទៅចូលរួមក្នុងការប្រកួត នៅសល់ ដែលត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា។ នេះបើតាមការបញ្ជាក់ពី AFC ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែកញ្ញា។

ព្រឹត្តិការណ៍ ប្រចាំឆ្នាំ AFC Champions League ជាលីគបាល់ទាត់កំពូលប្រចាំទ្វីបអាស៊ី ដែលត្រូវបានផ្អាកសកម្មភាពមួយរយ:កាលពីខែមីនា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩នោះ គ្រោងនឹងបន្តចាប់ផ្តើមឡើងវិញ នៅប្រទេសកាតា នាយប់ថ្ងៃចន្ទក្នុងសប្តាហ៍នេះ និងនៅម៉ាឡេស៊ី នាថ្ងៃទី១៦ ខែតុលាខាងមុខ។

ក្លិប Al Wahda ត្រូវបានគេស្នើឲ្យទៅដល់ទីក្រុងដូហាយ៉ាងហោចណាស់៤ថ្ងៃ មុនការប្រកួតរបស់ពួកគេ ប៉ុន្តែក្លិបនេះបានបញ្ជាក់ប្រាប់ AFC កាលពីសប្តាហ៍មុនថា ពួកគេមិនអាចធ្វើដំណើរទៅបាននោះទេ ដោយសារតែក្នុងក្រុមមានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលបណ្តាលឲ្យក្លិបត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដោយអាជ្ញាធរនៅសហព័ន្ធអារ៉ាប់រួម (UAE)៕