(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទួលការដេញថ្លៃជាផ្លូវការពីក្រុមហ៊ុន Oracle ក្នុងការទិញយកកម្មវិធី TikTok ពីក្រុមហ៊ុនចិន ByteDance បន្ទាប់ ពីក្រុមហ៊ុនចិនមួយនេះបានបដិសេធមិនទទួលយកសំណើទិញរបស់ក្រុមហ៊ុន Microsoft។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានថ្លែងប្រាប់សារព័ត៌មាន CNBC ថា ការិយាល័យរដ្ឋភិបាលរបស់លោកបានទទួល សំណើទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុន Oracle កាលពីចុងសប្ដាហ៍មុននេះ ហើយសំណើមួយនេះត្រូវបានបញ្ជូនទៅថ្នាក់លើរួចរាល់ផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមហ៊ុន TikTok លក់អាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក បើមិនដូច្នេះទេលោកនឹងបិទកម្មវិធី TikTok នៅក្នុងសហរដ្ឋអាមេរិក ដោយហេតុផលថា ព្រួយបារម្ភពីសន្តិសុខជាតិ ព្រមទាំងបានទុកពេល៩០ថ្ងៃសម្រាប់លក់ ហើយមកដល់ពេលនេះជិតដល់កាលកំណត់។

គួរបញ្ជាក់ផងដែរថា ក្រោយពេលលោកដូណាល់ ត្រាំ ប្រកាសឱ្យក្រមហ៊ុន ByteDance លក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនអាមេរិកនោះ មានក្រុមហ៊ុនធំៗជាច្រើនបានចាប់អារម្មណ៍ ក្នុងនោះមាន Microsoft, Oracle និង Twitter ជាដើម ប៉ុន្តែនៅពេលនេះ Microsoft ត្រូវបាន ByteDance បដិសេធ៕