(ភ្នំពេញ)៖ ការអប់រំគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ព្រោះយើងជាប្រទេសដែលសំបូរទៅ ដោយប្រជាជនសកម្ម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យបានល្អដើម្បីបង្កើនផលិតភាពការងារឱ្យ កាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ឆ្លើយតបជាមួយនឹងបញ្ហានេះ និងអបអរខួបលើកទី២៥ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនភីធីធីខេមបូឌា (PTT Cambodia) ប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង សម្រាប់យុវជនកម្ពុជាចន្លោះអាយុចាប់ពី១៤ឆ្នាំ ដល់១៨ឆ្នាំ ដើម្បីសិក្សាវគ្គ «ទម្លាប់ល្អទាំង ៧ នៃយុវវ័យឆ្នើម» តាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

លោក Songpon Thepnumsommanus នាយកគ្រប់គ្រង នៃក្រុមហ៊ុនភីធីធីខេមបូឌា​ បានលើកឡើងថា គោលបំណងសំខាន់របស់ក្រុមហ៊ុន ដែលនាំទៅដល់ការសម្រេចចិត្ត ក្នុងការផ្តល់អាហាររូបករណ៍ ដល់យុវជនកម្ពុជា គឺដើម្បីគាំទ្រយុវជន និងអាណាព្យាបាលរបស់ពួកគេ ក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ១៩។ យុវជនអាចអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេបាន សូម្បីតែក្នុងពេលដែលសាលាមិនទាន់ដំណើរការពេញលេញក៏ដោយ។

លោកបញ្ជាក់ថា «ពួកគេអាចសិក្សារៀនសូត្រ តាមមធ្យោបាយសាមញ្ញថ្មីមួយ ដោយការសិក្សាពីចម្ងាយ។ ដូច្នេះហើយ យើងក៏បានដំណើរការគម្រោងកម្មវិធីសិក្សាពីចម្ងាយមួយឈ្មោះថា «OR Seeding the Future Online Learning» ដោយផ្អែកទៅលើ កម្មវិធីសិក្សាឈ្មោះថា «ទម្លាប់ល្អទាំង ៧ របស់យុវវ័យឆ្នើម» ដោយមានការសហការគ្នាជាមួយក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា (Franklin Covey Education Cambodia)»

នាយកគ្រប់គ្រងរូបនេះ បានបន្តទៀតថា នៅឆ្នាំ២០២០ វាជាខួប ២៥ឆ្នាំរបស់ក្រុមហ៊ុន PTT Cambodia ដែលយើងបានធ្វើអាជីវកម្មសម្រាប់ប្រជាជនកម្ពុជា និងចូលរួមវិភាគទានដល់សង្គមកម្ពុជា ជាពិសេសគាំទ្រដល់យុវជនជំនាន់ក្រោយ ដែលជាអនាគតដ៏អស្ចារ្យរបស់យើង ក្នុងការអភិវឌ្ឍប្រទេសឱ្យមានកំណើនប្រកបដោយចីរភាព។ លើសពីនេះទៅទៀត យើងនឹងបន្តជួយគាំទ្រនិងផ្តល់ឱកាសដល់យុវជនបានសិក្សា និងអនុវត្តជំនាញភាពជាអ្នកដឹកនាំ ដើម្បីភាពជោគជ័យក្នុងជីវិតរបស់ពួកគេ។

ឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា បានថ្លែងថា តាមរយៈវគ្គសិក្សានេះ យុវជនកម្ពុជារបស់យើងនឹងទទួលបានចំណេះដឹងជាច្រើន សម្រាប់អភិវឌ្ឍន៍ជីវិតរបស់ខ្លួនដូចជា អាចគ្រប់គ្រងខ្លួនឯងបានល្អ មានទំនាក់ទំនង កាន់តែប្រសើរជាមួយ មិត្តភក្តិ និងមានសមត្ថភាពបង្កើតការសម្រេចចិត្តបានកាន់តែប្រសើរ។ លើសពីនេះទៅទៀត ពួកគេក៏អាចនឹងមានទំនាក់ទំនងកាន់តែល្អ ជាមួយឪពុកម្តាយ អាចយកឈ្នះលើភាពញៀននឹងអ្វីមួយ និងបញ្ហាផ្សេងៗទៀត។

លោកឧកញ៉ាបានបន្ថែមទៀតថា ពួកគេក៏អាចបង្កើន ទំនុកចិត្តលើខ្លួនឯង មានភាពរីករាយច្រើនជាងមុនក្នុងជីវិត និងមានតុល្យភាពរវាងការសិក្សា ការងារ មិត្តភក្តិ និងបញ្ហាដទៃទៀត។ យុវជនទាំងអស់ក៏អាចនឹងស្គាល់តម្លៃខ្លួនឯង និងដឹងពីចំណុចអាទិភាពក្នុងជីវិតរបស់គេផងដែរតាមរយៈវគ្គសិក្សាទម្លាប់ទាំង ៧ នៃយុវវ័យឆ្នើមនេះ។

លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែម និងចុះឈ្មោះតាមទំព័រហ្វេកប៊ុក https://www.facebook.com/ORSeedingTheFuture/?epa=SEARCH_BOX ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕