(ភ្នំពេញ)៖ ពានរង្វាន់ KW Cambodia Cup 2020 ដែលជាពានតូចនៃព្រឹត្តិការណ៍ KW Cambodia League 2020 បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុម Khmer United និងក្រុម Avatar បន្ទាប់ពីក្រុមទាំងពីរ បានវាយបកយកឈ្នះគូប្រកួតរៀងខ្លួន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន AIS កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្រុម Khmer United បានវាយបកឈ្នះក្រុម Riel PP ដោយលទ្ធផល ៤-១។ ក្នុងការប្រកួតនេះ ៥នាទីដំបូង ក្រុមប្រជុំដោយកីឡាករបរទេស Riel PP បានបើកការនាំមុខ ១គ្រាប់មុន។ បន្ទាប់មក Khmer United បានព្យាយាមដាក់សម្ពាធរហូតរកបាន ៤គ្រាប់វិញ ដោយកីឡាករ Franz Santana និង Oiboh Julius ម្នាក់ ២គ្រាប់ ដើម្បីជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។

រីឯក្រុម Avatar បានទម្លាក់ក្រុម ISI ដង្កោសែនជ័យដោយលទ្ធផល ២-១។ ការប្រកួតនេះ បានបញ្ចប់ដោយភាពតានតឹងបំផុត ក្រោយការប្រកួតបានអូសបន្លាយដល់នាទី៨០ ទើបមានគ្រាប់បាល់កើតឡើង ក្នុងនោះ ISI បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន តែសល់ ៥នាទីចុងក្រោយ Avatar ក៏វាយបក ២គ្រាប់វិញ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយ Khmer United តែម្ដង។

សូមបញ្ជាក់ថា ពានរង្វាន់ KW Cambodia Cup 2020 គឺមានបេក្ខភាពប្រកួត ៤ក្រុមខាងលើ ដែលបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពានរង្វាន់ KW Cambodia League 2020 ហើយឈរលេខ២ ដល់លេខ៥ ដើម្បីចាប់ឆ្នោតប្រកួតខ្វែងគ្នា។ ចំពោះជើងឯកពានធំ ឬលីគ គឺបានរកឃើញក្រុមជើងឯករួចទៅហើយ គឺក្រុម TN Kandal ដែលបានឆ្លងកាត់ ១៣ប្រកួត និងរកបាន ៣៦ពិន្ទុឈរកំពូលតារាង។

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានតូចវិញ គ្រោងប្រកួតនាថ្ងៃទី២៧ ខែកញ្ញាខាងមុខ ហើយក្រោយចប់ការប្រកួត គណៈកម្មការនឹងរៀបចំពិធីប្រគល់រង្វាន់ជយលាភីសរុបតែម្ដង ពិសេសការប្រគល់ពានធំដល់ក្រុមជើងឯក TN Kandal អមនូវប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណៈក្រុមជើងឯកពានតូច ក៏នឹងទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារផងដែរ៕