(ញូវយ៉ក)៖ កីឡាការិនីវាយកូនបាល់សញ្ជាតិជប៉ុន Naomi Osaka បានឈ្នះជើងឯកពានរង្វាន់ US Open 2020 បន្ទាប់ពីយកឈ្នះគូប្រជែង Victoria Azarenka នៅវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិកនាថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា។នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាការិនីវ័យ ២២ឆ្នាំ Osaka បានព្យាយាមវាយយកជ័យជម្នះពីកីឡាការិនីវ័យ ៣១ឆ្នាំ Azarenka សញ្ជាតិបេឡារុស ក្នុងលទ្ធផល ២-១ នៃលំដាប់ពិន្ទុ ១-៦ ៦-៣ និង ៦-៣ នៅឯទីលាន Flushing Meadows ដែលស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក។

Osaka បានឈ្នះពានរង្វាន់វាយកូនបាល់កម្រិត Grand Slam ចំនួន ៣លើកជាប់ៗគ្នាក្នុងអាជីព គិតមកទល់នឹងពេលនេះ បន្ទាប់ពីជ័យជម្នះលើកដំបូងនៃពាន US Open កាលឆ្នាំ២០១៨ និងឆ្នាំ២០២០ នេះ បន្ថែមលើពាន Australian Open របស់អូស្រា្តលីកាលឆ្នាំ២០១៩។

ចំណែកឯកីឡាការិនី Victoria Azarenka ដែលធ្លាប់ឈ្នះពាន Australian Open ២ដង ក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ ផងនោះ បានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រក្នុងយុទ្ធនាការ US Open ជាលើកទី៣ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីចាញ់កីឡាការិនីអាមេរិក Serena Williams ២សម័យជាប់គ្នាក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣៕