(កូរ៉េ)៖ តារាកូរ៉ស្រី Oh In-hye ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីប្រទះឃើញសន្លប់បាត់បង់ស្មារតីនៅក្នុងផ្ទះរបស់នាង កាលពីព្រឹកមិញនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

បើតាមមន្ត្រីប៉ូលីសនៅតំបន់ Incheon បាននិយាយថា តារាស្រីវ័យ ៣៦ឆ្នាំ Oh In-hye បានសន្លប់នៅក្នុងផ្ទះរបស់នាង ស្ថិតក្នុងទីក្រុង western port តំបន់ Incheon នៅវេលាម៉ោង ៥ព្រឹក។

ទន្ទឹមគ្នានេះ សារព័ត៌មានកូរ៉េ allkpop បានចុះផ្សាយដោយដកស្រង់ពាក្យសំដីរបស់ប៉ូលីសថា «មិត្តភក្តិរបស់ Oh In-hye បានប្រទះឃើញនាង ហើយក៏រាយការណ៍មកពួកយើង ប៉ុន្តែយើងមិនដឹងថា ហេតុអ្វីបានជាមិត្តភក្តិនាងនៅទីនោះឡើយ។ បច្ចុប្បន្នពួកយើង កំពុងសង្ស័យថា នេះ វាជាករណីប៉ុនប៉ងធ្វើអត្តឃាត»

វិស័យឧស្សាហ៍កម្មរបស់កូរ៉េខាងត្បូង ត្រូវបានគេលើកឡើងថា មានតារាល្បីៗជាច្រើនបានធ្វើអត្តឃាតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងការស្លាប់របស់តារា K-POP Sulli និង Goo Hara កាលពីឆ្នាំមុនជាដើម។

គួរជម្រាបថា តារាស្រី Oh In-hye បានបង្ហាញខ្លួនក្នុងកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០១១ តាមរយៈសម្តែងរឿង «Sin of a Family» និងរឿងបន្ទាប់ទៀតដូចជា «as The Plan» ជាដើម៕