(ភ្នំពេញ)៖ តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី តាមរយៈបញ្ចេញប្រយោគប៉ុន្មានឃ្លារំឭកដល់ការឈឺចាប់របស់ម្តាយកាលពីជាង៣០ឆ្នាំមុន ពោលកាលពីនាងចាប់កំណើត គ្រាដែលម្តាយត្រូវរ៉ាប់រងការលំបាក ទទួលខុសត្រូវគ្រប់រឿង ទាំងជីវភាពគ្រួសារ និងការចិញ្ចឹមបីបាច់កូន។

ក្នុងសារទាំងនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេរថា «ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់ បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ធកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ»

ការបញ្ចេញសាររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ពេលនេះ ត្រូវបានគេដឹងថា ជាការរំលឹកដល់គុណមិនអាចកាត់ថ្លៃបានរបស់ម្តាយ ដែលឆ្លងកាត់ការលំបាក តាំងពីថ្ងៃដែលនាងចាប់កំណើត និង បីបាច់ចញ្ចឹមកូន រហូតធំដឹងក្តី។ យ៉ាងណាមិញ សាររបស់នាងខាងលើ ហាក់បន្សល់នូវមន្ទិលមួួយចំនួន សម្រាប់អ្នកគាំទ្រ ត្រង់ថា «សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ» ថាតើ បច្ចុប្បន្ននេះ នាងនិងម្តាយកំពុងតែឃ្លាតឆ្ងាយពីគ្នាឬយ៉ាងណា?

គួរជម្រាបថា តារាចម្រៀង ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៦ នៅក្រុង ភ្នំ ពេញ មាន ឪ ពុកឈ្មោះ ឱក បូនី ជាតន្រ្តីករ (តែត្រូវបានបែកបាក់ពីគ្រួសារតាំងពី សុគន្ធ កញ្ញា នៅក្មេង មុនពេលចូលសិល្បៈ) ម្តាយឈ្មោះ អៀន សុគន្ធ ជាមន្រ្តីរាជការនៅក្រសូង វប្បធម៌ ។ ឱក សុគន្ធកញ្ញា មានបងប្អូន ២នាក់ នាង ជាកូនច្បង។ កញ្ញា រៀននៅកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មុខវិជ្ជារបាំបុរាណ។ បច្ចុប្បន្នតារាស្រីដួងនេះ បានកសាងគ្រួសារមួយដ៏មានសុភមង្គល ក្រោយរៀបមង្គលការជាមួយស្វាមី ឈ្មោះ អ៉ឹង សុខលី ដោយទទួលបានកូនប្រុសម្នាក់ឈ្មោះ ឆលី ជាចំណងដៃ៕