(កូរ៉េ)៖ ចម្រៀងចុងក្រោយរបស់ក្រុម BTS មានចំណងជើងថា «Dynamite» ច្រៀងជាភាសាអង់គ្លេសបានបន្តបំបែកកំណត់ត្រា ដោយចំនួនអ្នកចូលទស្សនាបានបន្តកើនឡើងយ៉ាងឆាប់រហ័ស។ រហូតមកទល់ពេលនេះ ចំនួនអ្នកចូលទស្សនាបានកើនដល់ ៣៥០លានដងទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងសទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ជាការកត់សម្គាល់វីដេអូចម្រៀងបទ «Dynamite» បានបញ្ចេញក្នុង Youtube នៅថ្ងៃទី២១ ខែសីហា វេលាម៉ោង ១រសៀល (ម៉ោងនៅកូរ៉េខាងត្បូង) និងចំនួនអ្នកចូលទស្សនា បានកើនដល់ ៣៥០លានដង នៅថ្ងៃទី១៤ ខែកញ្ញា វេលាម៉ោង ១០៖៥០នាទីព្រឹកនេះ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) ខណៈចំនួននេះ គឺត្រឹមតែរយៈពេល២៣ថ្ងៃ និង២២ម៉ោងគត់ នៃការបញ្ចេញចម្រៀងមួយនេះ។

គួរជម្រាបថា ចំនួនអ្នកចូលទស្សនាកើនឡើងយ៉ាងឆាប់រហ័សនៃចម្រៀង «Dynamite» នៅពេលនេះ គឺត្រូវបានគេដឹងថា បានបំបែកកំណត់ត្រារបស់បទ «How You Like That» របស់ក្រុម BLACKPINK ដែលកន្លងទៅទទួលបានអ្នកចូលទស្សនា ៣៥០លានដង ក្នុងរយៈពេល១ខែ និង១ថ្ងៃ៕