(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក Paris Saint-Germain បានបរាជ័យ ២ប្រកួតផ្ទួនៗនៅថ្ងៃបើកឆាក Ligue 1 រដូវកាលថ្មីឆ្នាំ២០២០-២០២១ ក្រោមថ្វីជើងរបស់ Marseille ក្នុងលទ្ធផល ១-០ ហើយខ្សែប្រយុទ្ធ Neymar ត្រូវបានពិន័យកាតក្រហមថែមទៀតនៅរាត្រីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

លោក Thomas Tuchel អ្នកចាត់ការទូទៅ Paris បានធ្វើការកោះហៅកីឡាករសំខាន់ៗចូលក្រុមវិញហើយ នៅតែធ្វើមិនបានសម្រេចដដែល ពីការប្រកួតលើកទី២ ក្នុងជើងទី១ នារដូវកាលថ្មីនេះ បន្ថែមលើការបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ក្រុម Lens កាលសប្តាហ៍ទី១។

កីឡាករ Thauvin ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យក្រុមភ្ញៀវ Marseille នៅនាទីទី៣១ ក្រោយទទួលបានពីមិត្តរួមក្រុម Dimitri Payet រហូតចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Parc des Princes។

ក្នុងជំនួបដ៏ស្វិតស្វាញរវាងក្រុមខ្លាំងទាំងពីរនេះ អាជ្ញាកណ្តាលបានចាកកាតអស់ទៅ៥ គ្រាដែល PSG ទទួលបាន ៣កាត ក្នុងនោះក៏មានកីឡាករប្រេស៊ីល Neymar ផងដែរ ដែលធ្វើឲ្យរូបគេខកខាន ១ប្រកួតបន្ទាប់ពេល PSG ប៉ះម្ចាស់ផ្ទះ Nice នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខផងដែរ៕