(ភ្នំពេញ)៖ លោក អ៊ូ តារា ជាតារាសម្តែងបែប Action Movie និងជាអគ្គលេខាធិកាសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសំណូមពរយ៉ាងទទូចដល់យុវវ័យជំនាន់ក្រោយ ដែលមានកាព្វកិច្ចថែក្សារមរកតវប្បធម៌ដូនតា បានបន្សល់ទុកឲ្យ គួរតែចាប់យកជំនាញផ្នែកណាមួយឲ្យបានច្បាស់លាស់ ទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ បន្ថែមពីអាជីពដែលមានសព្វថ្ងៃ ដើម្បីជាគោលជំហជំនាញច្បាស់លាស់ពិតប្រាកដមួយ សម្រាប់ខ្លួនឯង។

ការលើកឡើងបែបនេះពីសំណាក់ លោក អ៊ូ តារា គឺធ្វើឡើងតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ លោក អ៊ូ តារា បានសំណូមពរដល់យុវវ័យយ៉ាងដូច្នេះថា បន្ថែមពីលើជំនាញ ឬមុខរបរជាអ្នកសិល្បៈរបស់ខ្លួនមានបច្ចុប្បន្ន លោកសំណូមពរដល់យុវវ័យជំនាន់ក្រោយ គួរចាប់យកអាជីពណាមួយ នៃសិល្បៈវប្បធម៌ខ្មែរ មិនថាជាសិល្បៈ ឬក្បាច់គុនឡើយ។

លោក អ៊ូ តារា និយាយថា «បើយុវជនយើង មានជំនាញមួយដែលជាវប្បធម៌របស់យើង គឺល្អមែនទែន ព្រោះមានតែយុវជនទេ ដែលអាចបន្តនិរន្តរភាពនៃវប្បធម៌ប្រពៃណីយើងបាន ដូច្នេះបើសិនជាយុវជនយើង នៅសម័យនេះបំភ្លេចវាចោលនោះ នឹងជារឿងផ្សេងវិញ»។ ជាទូទៅទស្សនិកជនធ្លាប់តែឃើញ លោក អ៊ូ តារា សម្តែងជាតួប្រុសក្នុងរឿង «Jailbreak» ដែលជាភាពយន្តបែប Action Movie ល្បីលំដាប់អន្តរជាតិ ខណៈប្រវត្តិជីវិតនៃការប្រឡូកការងារសិល្បៈ ហាក់មិនសូវមានមហាជនស្គាល់ឡើយ។

តែយ៉ាងណា លោក អ៊ូ តារា បានទម្លាយប្រវត្តិរបស់ខ្លួនយ៉ាងដូច្នេះថា ហេតុដែលជំរុញឲ្យលោកហាត់ក្បាច់គុនល្បុក្កតោ ព្រោះអាមរ្មណ៍ស្រឡាញ់ និងជាប់ជាមួយសិល្បៈក្បាច់គុន ជាពិសេសក្តីស្រមៃចង់ហាត់ក្បាច់គុន។ ក្រោយពីមករៀននៅភ្នំពេញ និងមានការស្វែងយល់បន្ថែម ក៏មានចិត្តកាន់តែស្រឡាញ់ក្បាច់គុនល្បុក្កតោ ព្រោះនេះជាមរតកវប្បធម៌របស់ជនជាតិខ្មែរ ហើយនៅពេលហាត់ចេះក្បាច់គុននេះ គឺអាចយកទៅធ្វើទំនើបកម្ម ដើម្បីលើកកិត្តិយសខ្មែរក្នុងការប្រកួត ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រទេសកម្ពុជា ក្នុងវិស័យសិល្បៈក្បាច់គុន។

លោកបន្តថា ទំរាំរហូតមកដល់ពេលនេះ គឺលោកបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃក្បាច់គុនល្បុក្កតោ ពោលគឺតាំងពីជាអ្នកហ្វឹកហាត់ធម្មតា រហូតចូលជាកីឡាករ ខណៈក្នុងនាមជាកីឡាករ គឺមានការបែកចែកជា២ប្រភេទវិញ្ញាសារ, ទី១ សម្តែងក្នុងក្បាច់គុន និងវិញ្ញាសារទី២ គឺការប្រយុទ្ធ។ វិញ្ញាសារទាំងពីរនេះ គឺលោកចេះទាំងអស់ ខណៈប្រភេទប្រយុទ្ធ គឺទាមទារឲ្យមានការហ្វឹកហាត់ច្រើន។

យ៉ាងណាមិញ ងាកមកការងារសិល្បៈវិញ ដំបូងឡើយក្តីស្រមៃរបស់លោក គឺចង់ក្លាយជាផលិតករ ដោយទៅសិក្សាជាមួយគ្រូជាជនជាតិកាណាដា ខណៈកាលរៀន គឺចាប់បានផ្នែក Editor។ តែក្នុងការបំពេញការងារជា Editor ក៏អត់ចោលការងារជាអ្នកកីឡាដែរ បន្ទាប់មកក៏ចាប់ផ្តើមធ្វើរឿងបែប Action ជាលើកដំបូងគឺរឿង «ហនុមាន» ដែលនេះជាដំណើរដើមទងរបស់លោក ចេញពីអ្នកហាត់ក្បាច់គុន ទៅជាអ្នកសម្តែងរហូតមកទល់នឹងបច្ចុប្បន្ន៕