(បរទេស)៖ ថាមពលវារីអគ្គិសនីបានក្លាយជាប្រភពថាមពលដែលអាចកើតឡើងវិញបានដ៏សំខាន់មួយ ដែលអាចជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ព្រមទាំងការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ បើប្រៀបធៀបទៅនឹងប្រភពថាមពលដែលកកើតឡើងវិញដទៃទៀត យើងអាចនិយាយថា ថាមពលវារីអគ្គិសនីគឺជាប្រភពថាមពលដែលគួរឲ្យទុកចិត្តបានខ្ពស់ ដោយសារការផលិតថាមពលចេញពីប្រភពនេះ មិនសូវមានការប្រែប្រួលច្រើននោះទេ។

តាំងពីសម័យបុរាណមក ថាមពលវារីអគ្គិសនីត្រូវបានគេប្រើសម្រាប់ប្រព័ន្ធធារាសាស្រ្ត និងសម្រាប់ដំណើរការឧបករណ៍ជាច្រើនប្រភេទ។ នាចុងសតវត្សរ៍ទី១៩ វាបានក្លាយជាជម្រើសប្រភពថាមពលដែលកើតឡើងវិញដ៏ប្រសើរមួយ។ ទោះការសាង់សង់ស្ថានីយវារីអគ្គិសនីថ្លៃពិតមែន ជាទូទៅថ្លៃចំណាយសម្រាប់ប្រតិបត្តិការរបស់ស្ថានីយវារីអគ្គិសនីគឺមិនសូវខ្ពស់ឡើយ ដ្បិតពួកវាមិនចាំបាច់ត្រូវប្រើប្រាស់ឥន្ធនៈ ដូចទៅនឹងស្ថានីយថាមពលកម្តៅ ឬស្ថានីយថាមពលនុយក្លេអ៊ែរនោះឡើយ។ បច្ចុប្បន្នវារីអគ្គិសនីគឺជាប្រភពថាមពលអាចកើតឡើងវិញ ដែលកំពុងមានការប្រើប្រាស់យ៉ាងទូលំទូលាយបំផុតមួយ ដោយវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តត់ផ្គង់ថាមពល នៅពាសពេញពិភពលោក។

កាលពីឆ្នាំ២០១២ ទំនប់ជ្រលងបី (Three Gorges) នៅក្នុងប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងនាមជាទំនប់វារីអគ្គិសនីធំបំផុត (គិតពីសមត្ថភាពផលិតអគ្គិសនី) ជំនួសស្ថានីយថាមពលវារីអគ្គិសនី Itaipu ដែលនៅព្រំប្រទល់ប្រទេសប្រេស៊ីលនិងប៉ារ៉ាហ្គាយ។ ទំនប់ Three Gorges នេះមានទីតាំងស្ថិតនៅក្នុងទីក្រុងអ៊ីឆាង (Yichang) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន នៅតំបន់ជ្រលងបីលើដងទន្លេយ៉ាងសេ (Yangtze) ដែលជាទន្លេវែងបំផុតនៅអាស៉ី។ វាមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ២២,៥០០មេហ្គាវ៉ាត់។

ស្ថានីយវារីអគ្គិសនីនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីឆ្នាំ១៩៩៣ ហើយរួចរាល់ជាស្ថាពរនៅឆ្នាំ២០១២ ជាមួយថវិកាប្រមាណជាង ២០៣ពាន់លានយ៉េន (២៩ពាន់លានដុល្លារ)។ វាមានម៉ាស៉ីនផលិតអគ្គិសនីដែលមានថាមពលទំហំ ៧០០មេហ្គាវ៉ាត់ ចំនួន៣២គ្រឿង និងម៉ាស៉ីន ដែលមានថាមពលត្រឹម ៥០មេហ្គាវ៉ាត់ ចំនួន២គ្រឿង។ ការដំឡើងម៉ាស៉ីនទាំងនេះ បានចាប់ផ្តើមនៅឆ្នាំ២០០៣ និងបញ្ចប់នៅឆ្នាំ២០១២។

គួរជម្រាបថា ទំនប់ជ្រលងបី បង្កើតបានជាអាងស្តុកទឹកដែលមានទំហំប្រមាណជា ១,០៤៥គីឡូម៉ែត្រក្រឡា។ ជាមួយថាមពលដែលអាចផលិតបានក្នុងមួយឆ្នាំដល់ទៅ ៨៥លានមេហ្គាវ៉ាត់ម៉ោង ស្ថានីយវារីអគ្គិសនីដ៏ធំនេះ ផ្គត់ផ្គង់ថាមពលឲ្យខេត្ត សរុបចំនួន៩ និងទីក្រុងចំនួនពីរនៅប្រទេសចិន រួមមានទាំងទីក្រុងសៀងហៃផងដែរ៕