(ភ្នំពេញ)៖ ទោះបីជាស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលធូរស្រាល គ្មានអ្នកឆ្លងថ្មីក៏ពិតមែន ប៉ុន្តែក្រសួងសុខាភិបាល នៅតែក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះការពារខ្លួន ប្រកាន់ខ្ជាប់នូវអនាម័យ ជាពិសេសក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។ យ៉ាងណាមិញ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បានបញ្ចេញនូវបទចម្រៀងមួយបទ មានចំណងជើងថា «ភ្ជុំបិណ្ឌសម័យកូវីដ» នៅក្នុងផលិតកម្មសាន់ដេ ដែលបានបង្កប់នូវអត្ថន័យ ដាស់តឿនដល់អ្នកស្ដាប់ ឲ្យចេះការពាខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ កុំឲ្យកើតមានឡើងជាថ្មី។

ក្រៅពីមានចង្វាក់ និងសំនៀងពីរោះរណ្ដំ ចង់ស្ដាប់ហើយស្ដាប់ទៀតនោះ ក្នុងបទច្រៀង «ភ្ជុំបិណ្ឌសម័យកូវីដ» បានបង្ហាញឲ្យដឹងពីចំណុចពិសេសៗជាច្រើន ពីការជួបជុំសប្បាយៗ ជាមួយបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីខកខានមិនបានជួបគ្នា ក្នុងរដូវចូលឆ្នាំកន្លងទៅ។ ទោះបីជាក្នុងអត្ថន័យនៃបទចម្រៀង បានអបអរសាទរក្នុងជំនួបជាមួយបងប្អូន នារដូវភ្ជុំបិណ្ឌនេះពិតមែន ប៉ុន្តែអ្នកនិពន្ធក៏មិនភ្លេចបញ្ចូលសារអប់រំ ក្រើនរំឭកដល់អ្នកស្ដាប់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ១៩ ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បទ «ភ្ជុំបិណ្ឌសម័យកូវីដ» គឺជាការនិពន្ធទំនុកច្រៀង និង Melody ដោយ ដេវិនស៊ី និងនិពន្ធបទភ្លេង ដោយ Zoy Svenkey ខណៈបកស្រាយយ៉ាងក្រអូនក្រអៅ ដោយលោក ឆាយ វីរៈយុទ្ធ និងបានបង្ហោះជាសាធារណៈ ក្នុងបណ្ដាញយូធូបក្នុងផលិតកម្ម សាន់ដេ នាថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ នេះ។

សូមបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសកម្ពុជា ដែលជាទំនៀមទំលាប់តាំងពីបុរាណមកនេះ ផលិតកម្មជាច្រើនបានបញ្ចេញបទចម្រៀង ជាចង្វាក់ប្រពៃណីខ្មែរជាបន្តបន្ទាប់។ យ៉ាងណាមិញផលិតកម្ម សាន់ដេ ក៏បានបញ្ចេញបទចម្រៀងពីរោះៗជាច្រើនបទ ក្នុងន័យចូលរួមអបអរសាទរ មិនខុសពីឆ្នាំមុនៗនោះឡើយ។ បទចម្រៀងទាំងនោះ ទទួលបានការគាំទ្រច្រើនពីប្រិយមិត្តអ្នកស្ដាប់។

ចង់ដឹងថាបទ បទ«ភ្ជុំបិណ្ឌសម័យកូវីដ» មានខ្លឹមសារ និងសំនៀងពីរោះយ៉ាងណានោះ សូមចូលរួមសណ្ដាប់ទាំងអស់គ្នា៖