(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា អិលធីឌី ជាក្រុមហ៊ុនចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ នៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានសម្ពោធដាក់លក់ជាផ្លូវការកំពូលរថយន្ត Subaru Forester នៅក្នុងប្រទេសកម្ពុជា ដែលជារថយន្តទទួលបានពានរង្វាន់សុវត្តិភាពអន្តរជាតិ ដែលមានប្រព័ន្ធការពារសុវត្តិភាពរហូតដល់ជាង១០០មុខ។

កំពូលរថយន្ត Subaru Forester មានបំពាក់នូវបច្ចេកវិទ្យាស្នូលរួមមាន ប្រព័ន្ធអូសកង់ទាំងបួន ស៊ីមេទ្រី ដ៏ឆ្លាតវ័យ, គំរូម៉ាស៊ីន ប៊ុកស័រ (ស៊ីឡាំងផ្តេក), រចនាបទតួរថយន្ត តាមបែប Subaru Global Platform និងប្រព័ន្ធជំនួយដល់អ្នកបើកបរ អាយសៃហ៍ , រថយន្ត Subaru Forester ជំនាន់ទី៥ រចនាឡើងដោយកាន់តែប្រសើរឡើងគ្រប់ចំនុច បើធៀបនឹងជំនាន់មុនៗ ដោយធានាបាននូវប្រសិទ្ធភាពក្នុងការបើកបរ ផាសុកភាពខ្ពស់រួមជាមួយសុវត្ថិភាពនាំមុខគេ ។

លោក វីនសិន លី អគ្គនាយកក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា អិលធីឌី បានឲ្យដឹងថា រថយន្ត Forester ថ្មីនេះមានទំហំធំជាងនិងលក្ខណៈ ពិសេសប្រសើរជាងម៉ូដែលណាៗទាំងអស់ និងជាម៉ូដែលរថយន្តដំបូងគេដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាស្នូលទាំងបួនរបស់ ស៊ូបារុ ជាក់ស្តែងគឺមុខងារជំនួយអ្នកបើកបរ អាយសៃហ៍ ដែលបាន ពានរង្វាន់សុវត្តិភាពលំដាប់ថ្នាក់ពិភពលោកតែម្តង។

ជាមួយបច្ចេកវិទ្យា អាយសៃហ៍ (EyeSight) មិនត្រឹមតែធ្វើឲ្យដំណើរកំសាន្តកាន់តែមានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយនូវអារម្មណ៍តាន់តឹងក្នុងការបើកបរ ហើយរថយន្ត Forester ថ្មីនេះត្រូបានរចនានិងផលិតឡើងដោយផ្តោតលើភាពរឹងមាំ ជាប់ធន់ទៀតផង ដែលមានគោលដៅផ្តល់នូវបទពិសោធន៍ដ៏រីករាយសម្រាប់ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

លោកបានបញ្ជាក់ទៀតថា រថយន្ត Subaru Forester បំពាក់ដោយបច្ចេកវិទ្យាសុវត្តិភាពឈានមុខគេ ក្នុងនោះក៏មានផងដែរបច្ចេកទេសជំនួយការបើកបរ អាយសៃហ៍ ដែលជារួមមានលក្ខណៈពិសេស ៦ចំនុចមាន ប្រព័ន្ធចាប់ប្រាំងមុនពេលបុកប៉ះទង្គិច, ប្រព័ន្ធគ្រប់គ្រងកំលាំងម៉ាស៊ីនមុនពេលបុកប៉ះទង្គិច, ប្រព័ន្ធកំណត់ល្បឿនរក្សាចំងាយ តាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់សញ្ញាពេលចាប់ផ្តើមបើកបរ, ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តរេខុសគន្លងផ្លូវ,ប្រព័ន្ធជួយតម្រងចង្កូត ពេលរថយន្តរេខុសគន្លងផ្លូវ។

លោក វីនសិន លី បានបន្ថែមថា រថយន្តនេះ រចនាឡើងនិងផលិតទៅតាមគំរូតួរថយន្ត Subaru Global Platform ដែលជារចនាបទសាស់ស៊ី ដែលធានា បាននូវរំញ័រ កាន់តែ តិច កាត់បន្ថយសម្លេងរំខានកាន់តែប្រសើរ បើកបរកាន់តែងាយស្រួល។ តួខ្លួនរថយន្តទាំងមូលដែលរចនាឡើងថ្មីនេះជារបកគំហើញចុងក្រោយបំផុត ដែលអាចបង្កើត ការស្រូបកំលាំង ពេលបុកប៉ះរហូតដល់ ៤០% ប្រសើរជាងគំរូមុនៗ ដែលរក្សាបាននូវសុវត្តិភាពដល់អ្នកបើកបរ និងអ្នករួមដំណើរកាន់យ៉ាងល្អបំផុត។

សូមបញ្ជាក់ថា រថយន្ត SUBARU Forester មានកម្ពស់ពីដីខ្ពស់ជាងគេដែលមានកម្ពស់រហូតដល់ទៅ ២២០មីលីមែត្រ និងកាន់តែប្រសើរក្នុងការធ្វើដំណើរឆ្លងកាត់ ភ្លៀងខ្លាំង តំបន់ទឹកជំនន់ និងភូមិសាស្រ្តផ្លូវបឹងទន្លេជាដើម។ សម្រាប់រថយន្ត Forester ថ្មីនេះ ក៏ជួយបង្កើនសមត្ថភាពផ្ទុកប្រេងសរុប 1,775 លីត្រ ដែលមានកំណើន រហូតដល់ 251លីត្រ បើធៀបនឹងម៉ូដែលមុន ក្នុងនោះទ្វារក្រោយអាចបើកបានកាន់តែធំ សម្រាប់ការលើកដាក់ទំនិញ និងរើចេញវិញកាន់តែងាយស្រួល។ ចម្រឹងដំបូល កាន់តែខ្ពស់ ផ្តល់នូវលទ្ធភាពផ្ទុកទំនិញកាន់តែច្រើន ជាពិសេសសម្រាប់ការធ្វើដំណើរចូលព្រៃឡើងភ្នំ៕