(ពិភពលោក)៖ ទ្វីបអាស៉ីមានផ្ទៃសរុប ៤៣,៨០០,០០០ គីឡូម៉ែត្រការ៉េ ស្មើនឹង ២៩% នៃផ្ទៃដីសរុបរបស់ភពផែនដី ដែលត្រូវបានបែងចែកជា ៥ តំបន់់ រួមមាន៖ អាស៉ីទក្សិណ អាស៉ីបូព៌ា អាស៉ីអាគ្នេយ៍ អាស៉ីបស្ចិម និងអាស៉ីកណ្ដាល។

ទំហំផ្ទៃដីនេះបានធ្វើឱ្យទ្វីបអាស៉ីឈរលើកំពូលតារាង ជាទ្វីបធំជាងគេបំផុតនៅលើពិភពលោក ដែលមានប្រទេសចំនួន ៤៨ ក្នុងនោះរួមមាន៖ កម្ពុជា អាហ្វហ្កានីស្ថាន អាមេនី អាហ្សែបៃស្សង់ បារ៉ែន បង់ក្លាដេស ប៊ូតាន ព្រុយណេ សាធារណរដ្ឋប្រជាមានិតចិន (បូករួមទាំងកោះតៃវ៉ាន់ ហុងកុង និងម៉ាកាវ) សាយព្រឺស ទីម័រខាងកើត ចចជា ឥណ្ឌា ឥណ្ឌូនេស៉ី អ៉ីរ៉ង់ អ៉ីរ៉ាក់ អ៉ីស្រាអែល ជប៉ុន ហ្សកដានី កាហ្សាក់ស្ថាន កូរ៉េខាងជើង កូរ៉េខាងត្បូង គុយវ៉ែត គីជីសស្ថាន ឡាវ លីបង់ ម៉ាឡេស៉ី ម៉ាឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ អូម៉ង់ ប៉ាគីស្ថាន ប៉ាឡេស្ទីន ហ្វីលីពីន កាតា អារ៉ាប៊ីសាអូឌីត ស្រីលង្កា សិង្ហបុរី ស៉ីរី តាជីគីស្ថាន ថៃ តួកគី តួមេនីស្ថាន អារ៉ាប់រួម ឧបេគីស្ថាន វៀតណាម និងយេមែន។

ប្រសិនបើនិយាយអំពីចំនួនប្រជាជនវិញ ទ្វីបអាស៉ីក៏មានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ តាមស្ថិតិរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទ្វីបអាស៉ីទាំងមូលមានប្រជាជនរស់នៅជាង ៤,៦៤៨,៧៨៧,០០០ នាក់ ដែលស្មើនឹងជិត ៦០% នៃប្រជាជនសរុបលើពិភពលោក។

* នៅតំបន់អាស៉ីទក្សិណ មានប្រជាជនជាង ១,៩៤០,៣៦៩,០០០ នាក់។

* តំបន់អាស៉ីបូព៌ា មានប្រជាជនជាង ១,៦៧៨,០៨៩,០០០ នាក់។

* តំបន់អាស៉ីអាគ្នេយ៍ មានប្រជាជនជាង ៦៦៨,៦១៩,០០០ នាក់។

* តំបន់អាស៉ីបស្ចិម មានប្រជាជនជាង ២៧៩,៦៣៦,០០០ នាក់។

* អាស៉ីកណ្ដាល មានប្រជាជនជាង ៧៤,៣៣៨,០០០ នាក់៕