(ចិន)៖ រដ្ឋាភិបាលនៃទីក្រុងប៉េកាំងបានប្រឆាំងនឹងការបង្ខំឱ្យក្រុមហ៊ុន ByteDance លក់អាជីវកម្មកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន ផ្សេងដែលមិនមែនជាចិន ហើយផ្ទុយទៅវិញរដ្ឋាភិបានចិនចង់ឃើញកម្មវិធីមួយនេះត្រូវបានបិទនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលចិន ៣នាក់បានបង្ហើបឱ្យដឹងថា រដ្ឋាភិបានចិនបានប្រឆាំងដាច់ខាតមិនឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ឡើយ ព្រោះវាគ្មានហេតុផលដែលត្រូវស្ងាប់តាមការបង្ខិតបង្ខំពីសំណាក់អាមេរិកឡើយ ផ្ទុយទៅវិញ កម្មវិធី TikTok អាចដំណើរការបានយ៉ាង ដោយ គ្មាន វត្តមានទីផ្សារអាមេរិក។

ក្រុមហ៊ុន ByteDance បានចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗដូចជា Microsoft និង Oracle ជាដើម្បី ក្នុងទិញ-លក់អាជីវកម្មកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ដែលការចរចានេះត្រូវបានធ្វើឡើងក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសគំរាមបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ហើយបើតាមការបញ្ជាក់របស់លោកត្រាំ គឺនឹងត្រូវបិទនៅពាក់កណ្ដាលខែកញ្ញា នេះ។

រដ្ឋមន្ត្រីនៃប្រទេសចិន បានជឿជាក់ និងលើកឡើងថា បើសិនជាក្រុមហ៊ុន ByteDance សម្រេចចិត្តលក់កម្មវិធី TikTok មែននោះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន ByteDance និងរដ្ឋាភិបាលចិនមានភាពទន់ខ្សោយ ងាយរងសម្ពាធ និងការបង្ខិតបង្ខំពីសហរដ្ឋអាមេរិក។

លោក Zhao Lijian មន្ត្រីអ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងរំលោភបំពានសិទ្ធិឯកជន ដោយយកបញ្ហាសន្តិសុខជាតិមកគាបសង្កត់ ប្រទេសបរទេស ជាពិសេសក្រុមហ៊ុនចិន។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានដាក់ចេញនូវច្បាប់ថ្មីគឺតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ដែលរស់ស៊ីនៅក្រៅប្រទេស មុនធ្វើការទិញ-លក់អាជីវកម្មត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន ដោយច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថា វាអាចនឹងប៉ះដល់ក្រុមហ៊ុន ByteDance ហើយមកដល់ពេលនេះ ករណីទិញ-លក់កម្មវិធី TikTok នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយផងដែរ គ្រាន់តែដឹងថា លោកត្រាំមិនបានពន្យារពេលក្នុងការបិទកម្មវិធីនេះទេ៕