(ភ្នំពេញ)៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចម្រាញ់កីឡាការិនីឆ្នើមៗ ចំនួន ១៥នាក់ មកពីក្លិបចំនួន៦ ដើម្បីចូលរួមការប្រកួតពានរង្វាន់អន្ដរក្លិប ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាម្សិលមិញ ក្រោមវត្តមានលោក កែវ រ៉េមី ដែលជាប្រធានសហព័ន្ធ។

លោក ប៉ាល់ ជីវ័ន្ដ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ពានរង្វាន់អន្ដរក្លិបនេះ រៀបចំឡើងក្នុងគោលបំណងសាកល្បងសមត្ថភាពគ្នារវាងកីឡាករ-កីឡាការិនីឆ្នើមតាមបណ្ដាក្លិប ឬខេត្តនីមួយៗ ក៏ដូចជាក្រុមជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនាពេលខាងមុខ។

ម្ចាស់មេដាយមាសពិភពលោកដដែលបន្ដថា មុនការប្រកួតនេះ យើងបានរៀបចំការប្រកួត និងចម្រាញ់កីឡាការិនីតាមក្លិបនីមួយៗ ហើយជ្រើសរើសមកប្រកួតជាមួយក្រុមជម្រើសជាតិ។ ជាលទ្ធផល យើងសង្កេតឃើញសមត្ថភាពកីឡាការិនី ដែលត្រូវបានជ្រើសរើសមកប្រកួត មានកម្រិតបច្ចេកទេសកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសផ្នែកមេគុនតែម្ដង»។

ទន្ទឹមជាមួយគ្នាលោក កែវ រ៉េមី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់កីឡាការិនីម្នាក់ៗ ដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតខាងលើ ពោលគឺស្ទើរតែប្រដំត្រសងគ្នាជាមួយនឹងក្រុមជម្រើសជាតិ។ ហេតុនេះ លោកបានជំរុញពួកគេឲ្យបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដ្បិតសហព័ន្ធនឹងបើកភ្លើងខៀវ ចំពោះអ្នកមានសមត្ថភាព ដើម្បីក្លាយជាសមាជិកក្រុមជម្រើសជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕