(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ វគ្គផ្តាច់ព្រ័ត្រ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រព្រឹត្តិទៅនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការជាដៃគូជាមួយ ក្រុមហ៊ុនសែលកាត។

កម្មវិធីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយអភិវឌ្ឍ ក៏ដូចជាស្វែងរកនូវកីឡាករដែលមានទេពកោសល្យនៅក្នុងស្រុក ដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន។ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា សែលកាត តែងចូលរួមជួយគាំទ្រដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាំងតែពីដើមរៀងមក ដោយក្នុងនោះក្រុមហ៊ុនបានចូលរួមសហការ ដើម្បីស្វែងរកកីឡាករដែលមានទេពកោសល្យល្អៗ ក៏ដូចជាចូលរួមលើកទឹកចិត្តដល់យុវជននៅទូទាំងប្រទេស ឱ្យប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅដែលសកម្ម ដើម្បីជាប្រយោជន៍ដល់ផ្នែកសុខភាពរបស់ពួកគេផងដែរ។

គំនិតផ្តួចផ្តើម ដែលរៀបចំឡើងនៅទូទាំងប្រទេសនេះ បានដំណើរការអស់រយៈពេល ៣ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុននៅតែបន្តជួយលើកកម្ពស់មោទនភាពជាតិ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដល់យុវជនខ្មែរ និងសហគមន៍មូលដ្ឋាន។ ក្រុមហ៊ុនសង្ឃឹមថា នឹងបានឃើញប្រទេសកម្ពុជាទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយទន្ទឹមនឹងនោះ យើងក៏នៅតែប្តេជ្ញាចិត្តចូលរួមគាំទ្រដល់បុព្វហេតុនេះ ដោយឥតរាថយនោះឡើយ។

ក្រុមបាល់ទាត់យុវជន ដែលបានចូលរួមនៅក្នុងការប្រកួត កាលពីចុងសប្តាហ៍កន្លងទៅនេះ គឺមានក្រុម U16 របស់ខេត្តបន្ទាយមានជ័យ ដែលក្រុមនេះបានទទួលជ័យជម្នះលើក្រុម U16 របស់ខេត្តឧត្តរមានជ័យ ពោលគឺដណ្តើមបាននូវតំណែងចំណាត់ថ្នាក់លេខ៣។ សម្រាប់ជ័យជម្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ គឺបានទៅលើក្រុម វិសាខា អេហ្វស៉ី បន្ទាប់ពីពួកគេបានផ្តួលក្រុម នគររាជ អេហ្វេស៉ី Norkor Reach FC ដើម្បីក្លាយជាជើងឯកប្រចាំឆ្នាំ២០២០។ រីឯការប្រកួតផ្តាច់ព្រ័ត្រយុវជនអាយុក្រោម ១៨ឆ្នាំវិញ ក្រុមខេត្តស្ទឹងត្រែង បានទទួលចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានយកឈ្នះលើក្រុមខេត្តក្រចេះ។

សម្រាប់ព្រឹត្តិការណ៍សំខាន់ ក្លឹបភ្នំពេញក្រោន ត្រូវជួបជាមួយនឹងក្រុម វិសាខា នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផលចុងក្រោយ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានទទួលជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ។ បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រត្រូវបានបញ្ចប់ទៅ ពិធីបិទការប្រកួត ក៏ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ភ្ញៀវកិត្តិយស ដើម្បីថ្លែងអំណរគុណ ក៏ដូចជាសម្តែងនូវការអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធី។

ការប្រកួតផ្តាច់ព្រ័ត្រទាំងអស់ ត្រូវបានផ្សាយផ្ទាល់ ទាំងនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនសែលកាត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ទន្ទឹមនឹងនោះ អ្នកគាំទ្រក៏អាចទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ យុវជនអាយុក្រោម ១៨ឆ្នាំ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័នផងដែរ៕