(ក្រុងឡុងដ៍)៖ សមាជិកថ្មីដែលទើបនាំចូលរួមមាន Hakim Ziyech, Thiago Silva និង Ben Chilwell សុទ្ធតែអវត្តមានដូចគ្នានៅថ្ងៃបើកឆាក Premier League រដូវកាលថ្មីចុងសប្តាហ៍នេះ នៅពេលក្រុមតោខៀវ Chelsea ប៉ះម្ចាស់ផ្ទះ Brighton and Hove Albion ដោយសារបញ្ហារបួស និងលក្ខខណ្ឌមួយចំនួន។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះថា
កីឡាករម៉ារ៉ុក Ziyech ត្រូវការរយៈពេល ២សប្តាហ៍ដើម្បីព្យាបាលរបួសជង្គង់របស់គេ ដែលបានរបួសនៅអំឡុងពេលហ្វឹកហាត់ រួមជាមួយខ្សែការពារ ២រូបរួមមាន Thiago Silva និង Ben Chilwell សុទ្ទតែមិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនដូចគ្នា។

តែយ៉ាងណា អ្នកគាំទ្រតោខៀវ Chelsea នៅតែទន្ទឹងរង់ចាំពីការបង្ហាញវត្តមានរបស់កីឡាករថ្មីៗដែលទើបទិញចូលនារដូវកាលនេះ ដើម្បីជួយក្លិបប្រជែងយកពានផ្សេងៗនារដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ។

ជាមួយគ្នានោះ លោក Frank Lampard ដែលជាអ្នកចាត់ការទូទៅក្លិបក៏នឹងប្រើកីឡាករ Cesar Azpilicueta និង Christian Pulisic ដែលបានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រចាញ់ Arsenal នៅពាន FA Cup ក៏នឹងត្រូវដាក់ឲ្យចូលលេងជំនួសសិនពី ១ប្រកួតបើកឆាកនៅទឹកដីក្រៅផ្ទះ៕