(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងឈានចូលសប្តាហ៍ទី១៥ ចុងសប្តាហ៍នេះ ដោយមានគូពិសេសត្រូវប៉ះគ្នារវាងក្រុមណាហ្គាវើល ត្រូវទទួលក្រុមភ្ញៀវបឹងកេត នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ស្អែកនេះ ក្នុងកីឡដ្ឋានកងយោធពលខេមរភមិន្ទ (ស្តាតចាស់) ម៉ោង ១៨៖០០នាទីល្ងាច។

ទាក់ទងទៅនឹងការប្រកួតរបស់ណាហ្គា បានខាតអស់ ២ពិន្ទុកាលពីសប្តាហ៍ទី១៤ ក្រោយលេងស្មើជាមួយក្រុមកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ១-១ ជាមួយនឹងការឆ្លងកាត់១៣ប្រកួតកន្លងមកនេះ ឈ្នះ៦ ស្មើ៥ និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន ២៣ពិន្ទុបណ្តោះអាសន្ន។

ចំណែកឯបឹងកេតវិញ កាលសប្តាហ៍ទី១៤ បានយកឈ្នះក្រុមខ្លាំងវិសាខា ក្នុងលទ្ធផល ៣-២ ទទួលបាន ៣ពិន្ទុពេញតែម្តង។ បឹងកេត ឆ្លងកាត់១៣ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ១១ ស្មើ២ មិនដែលចាញ់ម្តងណាឡើយ និងបានឈរនៅកំពូលតារាងផងដែរ ដោយមាន ៣៥ពិន្ទុ៕