(ភ្នំពេញ)៖ អ្នកនាង ​សុខ​ ​ស្រី​នាង​ ​ជាតារាចម្រៀង​ម្នាក់ដ៏​មាន​ប្រជាប្រិយ​ភាព​ និងមានសម្រស់​​ស្រស់​ស្អាត​ពី​ធម្មជាតិ​​ ​ហើយ​នាង​ក៏​ត្រូវ​បាន​មហាជន​សរសើរ​ថា​ ជាតា​រា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត​ ​និង​សុភាព​រាបសារ។​

បើទោះជាអ្នកនាង ​សុខ​ ​ស្រី​នាង ឆ្លងកាត់ការផ្លាស់ប្តូរផលិតកម្មច្រៀងច្រើនក៏ដោយ ក៏តារាស្រីរូបនេះនៅតែរក្សាបាន​​ប្រជាប្រិយ​ភាព​មិន​ផ្លាស់ប្តូរឬធ្លាក់ចុះឡើយ។ ក្រោយពីបាក់បែកស្នេហាជាយូរឆ្នាំហើយ អ្នកនាង ​សុខ​ ​ស្រី​នាង​ ​រស់នៅក្នុងភាពស្ងាត់ស្ងៀម មិនសូវមានសកម្មភាពអ្វីក្រៅពីចម្រៀង​ ដែលជាការងារចំបងប៉ុណ្ណោះ។ ខាងក្រោមនេះ ​Fresh News Plus សូមស្វែងរកនូវ ព័ត៌មានខ្លះៗពីជីវិតនិងជីវភាពរស់នៅបច្ចុប្បន្នរបស់អ្នកនាង ​សុខ​ ​ស្រី​នាង​ មកជូនអ្នកគាំទ្រ​ដូចខាងក្រោមនេះ៖

*​ អំពីប្រវត្តិសង្ខេប អំពីជីវិតគ្រួសារ និងការសិក្សា
អ្នកនាង ​សុខ​ ​ស្រី​នាង​ ​កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៧ នៅភាគ​ពាយ័ព្យនៃប្រទេសគឺក្នុងខេត្តបន្ទាយមានជ័យ។ ធ្លាប់បានរៀបការម្តងក្នុងឆ្នាំ២០១០ និងត្រូវបានលែងលះគ្នាវិញនៅឆ្នាំបន្ទាប់។ ដោយឡែកចំពោះគ្រួសារ ​សុខ​ ​ស្រី​នាង​ មានបងប្អូនប្រុសស្រីប៉ុន្មាននាក់នោះ និងឪពុកម្តាយ មានឈ្មោះអ្វី ​រួមទាំងការសិក្សារផង Fresh News Plus ​មិនទាន់អាចរកបានឲ្យច្បាស់លាស់ផ្សាយជូននៅឡើយ ប៉ុន្តែនឹងបន្តស្វែងរកឲ្យប្រាកដនិងច្បាស់លាស់ ព័ត៌មានខាងលើមកបំពេញបន្ថែមជូននាពេលក្រោយ។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ
​សុខ​ ​ស្រី​នាង​ បានបង្ហាញខ្លួនលើវីថីសិល្បៈចម្រៀងនៅឆ្នាំ​​២០០៥​ ក្នុងផលិតកម្ម​ «KH​ ​Promotion​» ជាលើដំបូង។ ដោយសារនិស័្សយពីធម្មជាតិ ហើយក៏​​ជាតា​រា​ចម្រៀង​ស្រី​មួយ​រូប​ដែល​ផ្ដើម​ប្រឡូក​សិល្បៈ​ភា្ល​មល្បី​ភា្ល​ម។ បទចម្រៀដំបូង​របស់នាង​ដូចជា​ «​រាត្រី​នឹក​បង»​ ​និង​បទ​ ​«ភ្លឺឡើង​បាត់​ស្នេហ៍»​។​ ​​នៅក្នុង​​ឆ្នាំ​២០០៧​ ខ្សែភាពយន្ដ​ដ៏​ល្បីមួយរឿង​គឺរឿង​ ​«កូន​ប្រសា​រស្រី»​ ​ដែល​បានចាក់ផ្សាយលើទូរទស្សន៍ CTN​​​​​​​​​​​​ អមដោយបទច្រៀងដែលមានចំណងជើង «កូន​ប្រសា​រស្រី»និង ច្រៀងដោយកញ្ញា សុខ​ ​ស្រី​នាង​ នាពេល​នោះ ហើយក៏ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ប្រទេស​កម្ពុជា​ទៀតផង​។ ​ក្រោយមកក៏បាន​ចូលរួម​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​របស់​ផលិតកម្ម «KH​ ​Promotion​» ​ក្នុងរឿង​ ​«​និស្ស័យ​ស្លាប់រស់​»​ ​នៅ​ឆ្នាំ២០០៧​។ យើងនៅចាំបានថា​ក្នុង ឆ្នាំ២០១០ ផលិតកម្ម ​(​KH​)ត្រូវបានបានបិទទ្វារដោយសារស្ថានភាពសេដ្ឋកិច្ច និងការលួចចំឡងនាពេលនោះផង ការបិទទ្វារផលិតកម្មនេះបានធ្វើអោយបាត់សម្លេង ​សុខ​ ​ស្រី​នាង​ ​ពីវិស័យចម្រៀងមួយរយៈខ្លី។

នៅឆ្នាំ២០១១​ ក្នុង​ផលិតកម្ម​ «​BIGMAN» បានឮសំឡេងចម្រៀង សុខ​ ​ស្រី​នាង ជាថ្មី​ម្ដងទៀត​។ មួយឆ្នាំក្នុងផលិតកម្មនេះ សុខ​ ​ស្រី​នាង បានបន្សល់បទចម្រៀងប្រហែលជាង១០បទនាពេលនោះ ដូចជាបទ «បែកគ្នាល្អជាង» ជាដើម។ ក្រោយនៅជាមួយផលិតកម្ម «BIGMAN» បានមួយឆ្នាំ សុខ​ ស្រីនាង ក៏​បាន​សម្រេចចិត្ត​ចូល​ច្រៀង​នៅ​ផលិតកម្ម​ «​SUNDAY» ​ដោយ​មានកុងត្រា​រយៈពេល​៥ឆ្នាំ​។​ ​អំឡុង​ពេលនោះ​ ​សុខ​ ​ស្រី​នាង​ទទួល​បានការ​ងារ​យ៉ាងច្រើន​ ហើយ​ Album​ ដំបូង ដែលទទួលការចាប់អារម្មណ៍ខ្លាំងលើសពីការរំពឹងទុកនោះ មានដូចជាបទ «១​លាន​ហេតុផល​», ​«​ឱប​អូន​ឱ្យ​យូរ​ជាង​នេះ​បានទេ​» ​និង​ «​ផ្ញើ​ស្នាមញញឹម​ឱ្យអ្នកថ្មី​បង​» ជាដើម។​ ​រយៈពេល៥ឆ្នាំក្នុងផលិតកម្ម​ «​SUNDAY» សុខ​ ​ស្រី​នាង បានបន្សល់ស្នាដៃ​ភាពយន្តមួយរឿងទៀតគឺរឿង «វិញ្ញាណបិសាចជញ្ជក់ឈាម» និងមរតកសំឡេងជាច្រើនបទ ក្នុងផលិតកម្មមួយនេះ។

មក​ដល់​ឆ្នាំ២០១៧ ​ដោយចប់កុងត្រាជាមួយផលិតកម្ម «​SUNDAY» សុខ​ ​ស្រី​នាង ក៏បានឈានជើងចូល​ផលិតកម្ម​​ «ហង្ស​មាស​» ដែល​ជា​ទ្រនំ​ថ្មីដ៏ប្រកួតប្រជែង​របស់​តារាចម្រៀងដូចគ្នាតាមរយៈ​បទ​ «ហត់​ទេ​ស្រឡាញ់​គេ​ម្នាក់ឯង»​, ​«មនុស្សមានពិស»​ ​រួម​ទាំង​បទចម្រៀង​ជាច្រើន​បទ​ទៀត​។​ ​​ក្រៅពីស្នាដៃចម្រៀងក្នុង ផលិតកម្ម «ហង្សមាស» សុខ​ ​ស្រី​នាង ក៏ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម ជ្រើសរើសឲ្យសម្តែងជាតួក្នុងរឿង​ ​«​រាជ​នី​ភូមិគ្រឹះ​»​ ​​ដោយ​សម្តែង​ជាមួយ​តួឯក​ប្រុស​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ជា​រឿង​​បាន​ចាក់​បញ្ចាំង​នៅ​​ស្ថានីយទូរ​ទស្សន៍​ហង្ស​មាសក្នុងឆ្នាំ២០១៩ កន្លងទៅផងដែរ។​​​ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អ្នកនាង សុខ​ ​ស្រី​នាង មិនសូវមានបទចម្រៀង ញាក់កន្តា្រក់ដូចតារាចម្រៀង រួមទ្រនំផ្សេងទៀតឡើយ។

ចំពោះទេពកោសល្យ​និងបទពិសោទន៍​ ក្នុងវិស័យចម្រៀងរយៈពេលជាងដប់ឆ្នាំនេះ ត្រូវបានម្ចាស់កម្មវិធីអន្តរជាតិ «Cambodian Idol Junior» ជ្រើសរើស អ្នកនាង សុខ ស្រីនាង រួមជាមួយលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ ជាគ្រូបង្វឹកនិងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ដែលរៀបចំដោយស្ថានីយទូរ​ទស្សន៍​ហង្ស​មាសនា​ ឆ្នាំ២០១៩កន្លងទៅ។

* អំពីជីវិតស្នេហា
នរណាក៏បានដឹងដែរថា សុខ ស្រីនាង​ ជាស្ត្រីមេម៉ាយទាំងវ័យក្មេង ដែលកើតឡើងពីការមិនចុះសម្រុងគ្នារវាងអតីតសាម្វីនាង គឺលោក ស៊ី​​សុ​វត្ថិ​ ​ដែលជាអតីតអ្នកចម្រៀងរួមទ្រនំក្នុងផលិតកម្ម​ «KH​ ​Promotion​»។ យើងនៅចាំបានថាអ្នកទាំងពីរ បានចូលរោងការកាលពីថ្ងៃទី២៧​ ខែ​មីនា​ ​ឆ្នាំ២០១០។ ក្រោយពីមង្គលការហើយ អ្នកទាំងពីរហាក់មានសុភមង្គលណាស់ដោយរស់នៅក្នុងភាពហ៊ឺហារ ជាមួយការលេចឮថា ឪពុកក្មេកចង់ចែកដើមទន់ឲ្យធ្វើជំនួញទៀតផង។ ​តែអ្វីទាំងនោះបានតែរយៈពេលខ្លី ក៏ស្រាប់តែកើតមានជម្លោះ ដោយការរស់នៅមិនចុះសម្រុងគ្នាព្រោះរឿងប្រច័ណ្ឌក្លាយជារឿង «ស្វាមីប្រកាន់ភរិយាប្រកែក» ព្រោះតែការថា មានអ្នកទីបីជាអ្នកមានដោយបោះលុយជានុយ ធ្វើឲ្យគ្រួសារដ៏ថ្មីថ្មោងមួយនេះចែកផ្លូវគ្នារៀងៗខ្លួន​នៅ​ឆ្នាំ​២០១២​។ ក្រោយមក សុខ ស្រីនាង សុខចិត្តរស់នៅមានឈ្មោះជាស្រីមេម៉ាយទាំងវ័យក្មេង ដើម្បីបង្ហាញពីភាពស្មោះត្រង់រហូតសព្វថ្ងៃ។

តែយើងនៅចាំបានថា សុខ ស្រីនាង ធ្លាប់បានអះអាង​ថា​​ «សម្រាប់​ការ​ជ្រើសរើស​គូស្រករ​ថ្មី ពេល​ណា​នោះ​គឺ​មិន​ទាន់​កំណត់​ទេ តែ​ខ្ញុំ​មាន​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន បុរស​ដែល​ខ្ញុំ​ត្រូវ​សាង​ស្នេហ៍ ចាំបាច់​មិនមែន​ជា​គូ​កំណាន់ចិត្ត​បែប​អាថ៌កំបាំង​ជា​ដាច់ខាត​»។ មកដល់ឆ្នាំ២០២០នេះ សុខ ស្រីនាង​ ក៏រស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយដដែល ​ដោយរក្សាសម្ផស្ស និងសម្រស់ទាំងសាច់ឈាម​រាងរៅមិនចាញ់ស្រីក្រមុំឡើយ តែក៏មិនដែលលេចឮថាមានស្នេហាថ្មី ឬមានអ្នកណាចាប់អារម្មណ៍ ឬក៏ថាមានហើយតែមិនទាន់បង្ហាញជាសារធារណៈយ៉ាងណានោះទេ? អ្វីដែលសំខាន់ទុកឲ្យពេលវេលាវិញ ពេលណានាងមានដំណឹងល្អនោះ ពិតជាមិនលាក់បានឡើយ។

* អំពីជំនួញក្រៅពីសិល្បៈ
ក្នុងជីវិតជាតារាចម្រៀង​ដ៏ជោគជ័យ និងមានកេរ្តិ៍ឈ្មោះតែបែរជាបរាជ័យរឿងស្នេហា អ្នកមេម៉ាយវ័យក្មេង សុខ ស្រីនាង ហាក់បីដូចជារស់នៅក្នុងជីវិតស្ងប់ស្ងៀម ពុំមានសកម្មភាពអ្វីលេចធ្លោ ឬប្រគួតប្រជែងក្នុងវិស័យជំនួញដូចរាតាដទៃឡើយ។ តែសម្រស់និងភាពស្រគត់ស្រគំរបស់នាង ត្រូវបានការទាក់ទាញផ្នែក​ធនាគា ដោយបានអញ្ជើញនាងធ្វើជាតំណាងឲ្យធនាគារ DGB ជាមួយនឹងកំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

* អំពីរឿងល្បីក្នុងសារព័ត៌មាន
កន្លងមកនៅក្នុងប្រព័ន្ធសារព័ត៌មាន អ្នកមេម៉ាយវ័យក្មេង សុខ ស្រីនាង ក្រៅពីរឿងបែកបាក់ស្នេហាដែលជាចំណុចក្តៅ និងជាការចង់ដឹងចង់ឮពីអ្នកគាំទ្រ តែងតែចុះផ្សាយជាហូរហែ​នាពេលចន្លោះ​ ឆ្នាំ២០១២​ តែក្រោយមកក៏ស្ងប់ស្ងាត់ ក្រោយពីពេលលទ្ធផលនៃការលែងលះគ្នា ដាច់ស្រេចជាមួយអតីតស្វាមី និងក្រោយមកដល់ពេលបច្ចុប្បន្ន មិនសូវមានដំណឹងអ្វីដែលថា ជាព័ត៌មានក្តៅឡើយ។ តែរឿងមួយដែលត្រូវបានសារព័ត៌មានចុះផ្សាយ ធ្វើឲ្យអ្នកអាន និងអ្នកគាំទ្រអត់សរសើមិនបាននោះ គឺក្រោយពីបានឮថា អតីតថៅកែខ្លួនគឺលោក គឹម ហេង (អតីតម្ចាស់ផលិតកម្ម KH​ ​Promotion​) ធ្លាក់ខ្លួនលក់ភេសជ្ជៈនៅតាមផ្លូវ​ភ្លាម ​នាងក៏ស្វែងរក និងទៅជួបព្រមទាំងជូនថាវិកា​ខ្លះជាការជួយជីវភាព​។ នេះជាទង្វើមួយដែលបង្ហាញថា នាងមិនភ្លេចប្រភពដើមរបស់នាងឡើយ។

* អំពីទ្រព្យសម្បត្តិ ទម្លាប់នៃការរស់នៅ និងចំណង់ចំណូលចិត្ត
គ្មានអ្វីដែលចំឡែកនោះទេ ដែលអ្នកគាំទ្រចង់ដឹងពីទ្រព្យសម្បត្តិ ទម្លាប់នៃការរស់នៅ និងចំណង់ចំណូលចិត្ត នៃអ្នកជោគជ័យ ក៏ដូចជា Idol របស់ខ្លួនចូលចិត្ត​ថា មានអ្វីខ្លះ ព្រោះថា នេះជាចំណុចពិសេសនាសម័យកាលថ្មីនេះ។ តាមការស្វែងរកបានឲ្យដឹងខ្លះៗថា អ្នកនាង សុខ ស្រីនាង​ ​មានវីឡាមួយកន្លែងក្នុងបុរី «សម្បត្តិមានហេង» ដែលមានតំលៃខ្ពស់គួរសម។ ចំណែករថយន្តផ្ទាល់ខ្លួន មានរថយន្ត Toyota sienna ដែលមានតំលៃជិត១០ម៉ឺនដុល្លារ។ ដោយឡែកយើងអាចសន្និដ្ឋានបានថា ​នាងអាចនៅមានអចលនទ្រព្យ និងគ្រឿងអលង្ការផ្សេងទៀត។

ចំពោះទម្លាប់ សុខ​ ស្រីនាង មិនសូវលេងសម្លៀកបំពាក់សិចស៊ី និយមភាពស្រគត់ស្រគំ ទាំងម៉ូដសក់មិនដែលលេងសក់ពណ៌។​ និយមលេង IG ដែលមានអ្នក Follow 503K និងការផុសរូបភាពមិនមានរូបសិចស៊ី និងបង្អូតទ្រព្យសម្បត្តិ ឬដំណើរកំសាន្តលំដាប់ខ្ពស់ៗដូចតារាផ្សេងឡើយ។​ នាងមិននិយមជាតិស្រវឹង មិនញ៉ាំភេសជ្ជៈផ្អែមខ្លាំង​ និយមញ៉ាំទឹកសុទ្ធច្រើនជាង២លីត្រក្នុងមួយថ្ងៃ។ ចូលចិត្តពណ៌ក្រហម។ មានទម្លាប់ល្អរួសរាយជាមួយក្រុមការងារ និងអ្នកគាំទ្រ៕