(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា អតីតជើងឯក ៤សម័យកាលផ្នែកប្រណាំងរថយន្ត Formula 1 កីឡាករ Sebastian Vettel នឹងផ្លាស់ចេញពីក្រុម Ferrari ទៅចូលរួមជាមួយក្រុម Aston Martin នៅឆ្នាំ២០២១ បន្ទាប់ពីមិនមានកិច្ចសន្យាបន្ថែមជាមួយក្រុមប្រណាំងរបស់អ៉ីតាលីទៀតនោះ។

បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ ៣៣ឆ្នាំ Vettel បានចាប់ផ្តើមបើកឲ្យក្រុមសេះ Ferrari នៅឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។

ក្រុមប្រណាំង Aston Martin បានលើកឡើងថា «ចំពោះការចុះកិច្ចសន្យាថ្មីដែលមិនបញ្ជាក់ពីរយៈពេលជាមួយ Vettel ជាមហិច្ឆតារបស់ក្រុមក្នុងការប្រជែងតំណែងជួរមុខ»

គួររំលឹកផងថា Vettel ជាអតីតម្ចាស់ជើងឯក Formula 1 ៤សម័យកាលជាប់ៗគ្នានៅអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ក្នុងជ័យជម្នះ ៥៣លើក ហើយ Aston Martin ក៏ជាក្រុមទី៤ ដែលលោកបានចុះកិច្ចសន្យាផងដែរ បន្ទាប់ពីចាប់ផ្តើមអាជីពជាមួយក្រុម Toro Rosso កាលពីឆ្នាំ២០០៧ មក៕