(ភ្នំពេញ)៖ ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចូលមកដល់គេសង្កេតឃើញថា គ្រប់បណ្តាផលិតកម្មនានា បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យភ្ជុំបិណ្ឌ។ ទន្ទឹមគ្នានេះ ងាកមកតារាចម្រៀងសំឡេងក្រអួនក្រអៅ មាស សុខសោភា វិញ ហាក់ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មី តាមរយៈបញ្ចេញបទចម្រៀងចង្វាក់ប្រពៃណីជាលើកដំបូង ក្នុងផលិតកម្មរបស់ខ្លួនផ្ទាល់ មានឈ្មោះថា «Camtrax» ក្រោយវេចបង្វេចចាកចេញពីផលិតកម្ម «ថោន»។

ជាការកត់សម្គាល់ បទចម្រៀងថ្មីនេះ មានចំណងជើងថា «ទៅវត្តទៅវ៉ា» ជាចង្វាក់ប្រពៃណី ខណៈវីដេអូចម្រៀង គឺបង្ហាញពីការរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃភ្ជុំបិណ្ឌ និងការបបួលមិត្តភក្តិ សាច់ញាតិទៅបោះបាយបិណ្ឌ ដែលនេះជាទំនៀមទំលាប់ប្រជាជនខ្មែរ ប្រកាន់ខ្ជាប់តាំងពីដើមរៀងមក។

បន្ថែមពីនេះ ក្នុង MV ចម្រៀង «ទៅវត្តទៅវ៉ា» ជាបទអបអរឱកាសបុណ្យភ្ជុំបិណ្ឌដំបូងរបស់ មាស សុខសោភា គឺគេសង្កេតឃើញថា ក្រៅពីមានអត្ថន័យពីរោះ និងបង្ហាញពីទំនៀមទំលាប់ប្រពៃណីខ្មែរហើយនោះ ថែមទាំងបានបង្ហាញពីសម្លៀកបំពាក់ហួលផាមួង ដែលនារីខ្មែរស្លៀកពាក់ទៅវត្តយ៉ាងសមសួនផងដែរ។

គួរជម្រាបថា នៅពាក់កណ្តាលឆ្នាំ២០២០ ពោលគឺនៅដើមខែកក្កដា មាស សុខសោភា បានប្រកាសជាសាធារណៈថា នាងចាកចេញពីផលិតកម្ម ថោន មកបង្កើតផលិតកម្មផ្ទាល់ខ្លួនវិញ។ ផលិតកម្មថ្មីនោះ មានឈ្មោះថា «Camtrax» ដែលរហូតមកទល់នឹងពេលនេះ ចម្រៀងជាបន្តបន្ទាប់ដែលច្រៀងដោយ មាស សុខសោភា ត្រូវបានបញ្ចេញជាហូរហែផងដែរ៕