(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (AFF) បានឲ្យដឹងថា ការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ AFC U19 Championship 2020 នៅប្រទេសអូបេគីស្ថានដែលគ្រោងប្រកួតនាខែតុលាខាងមុខ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) សម្រេចលើកការប្រកួតទៅឆ្នាំ២០២១ វិញហើយ។

ការបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលនេះ ស្របពេលការប្រកួតនៃកាលបរិច្ឆេទចាស់ នៅសល់ពេលជាង ១ខែទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារវិបត្តិជំងឺកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏សម្រេចចិត្តទាំងបង្ខំ ក្នុងការពន្យារពេលការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយនៃពាន AFC U19 Championship 2020 ទៅឆ្នាំ២០២១ វិញតែម្ដង។

យ៉ាងណាមិញមកទល់ពេលនេះ ស្ថាប័នកីឡាបាល់ទាត់កំពូលនៅអាស៊ី AFC នៅមិនទាន់ចេញសេចក្ដីប្រកាសជាផ្លូវការ ជុំវិញការលើកពេលនេះឡើយ តែមន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ខាងលើបានអះអាងថា AFC បានពិភាក្សា និងសម្រេចជាមួយបណ្ដាថ្នាក់ដឹកនាំបាល់ទាត់ទាំង ៥តំបន់ ក្នុងទ្វីបអាស៊ីរួចហើយ អំពីការលើកពេលនេះ។

សូមបញ្ជាក់ថា ដំបូងឡើយការប្រកួតពានរង្វាន់ AFC U19 Championship 2020 គ្រោងប្រកួតចាប់ពីថ្ងៃទី១៤-៣១ ខែតុលាខាងមុខ ក្នុងនោះក៏មានវត្តមានក្រុមជម្រើសជាតិ U19 កម្ពុជាផងដែរ ដោយកម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់៕