(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត បានក្លាយជាជ័យលាភីពានរង្វាន់អន្តរជាតិថ្មី មួយបន្ថែមទៀត បន្ទាប់ពីស្ថាប័នឈានមុខគេមួយនេះ បានទទួលពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០២០ (Best Mobile Network Provider Cambodia 2020) ដែលផ្តល់ជូនដោយ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (International Business Magazine)។

គួររំលឹកផងដែរថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងមួយនេះ បានឈ្នះពានរង្វាន់ដូចគ្នានេះ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១៩។

ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ហើយមិនយូរប៉ុន្មាន ក៏ទទួលបានការគាំទ្រជាខ្លាំង តាមរយៈ ការចេញផ្សាយសំណេរអត្ថបទ ប្រកបដោយអត្ថន័យខ្លឹមសារល្អ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ អំពីក្រុមហ៊ុនល្បីៗ នៅលើពិភពលោក ក៏ដូចជានិន្នាការ កំពុងពេញនិយម នៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ គួរឲ្យចាប់អារម្មណ៍បំផុតផងដែរ សែលកាត គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យានេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា «យើងពិតជាមានក្តីរំភើបឥតឧបមា និងមានមោទនភាពបំផុត ដែលត្រូវបានទទួលស្គាល់ ជាស្ថាប័នឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា ជាថ្មីម្តងទៀត។ ពានរង្វាន់ទទួលបាននាពេលថ្មីៗនេះ គឺជាការបន្ថែមទៅលើ ជ័យលាភីពានរង្វាន់អន្តរជាតិជាច្រើនផ្សេងទៀត ដែលផ្តល់ជូនដោយបណ្តាស្ថាប័នជំនាញអន្តរជាតិឯករាជ្យ នាពេលកន្លងមក។ នេះគឺជាសក្ខីភាពដែលបង្ហាញ ឲ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់ជូននូវបណ្តាញទូរស័ព្ទល្អផ្តាច់គេ ក៏ដូចជាជួយឲ្យប្រទេសកម្ពុជា នាំមុខគេទៅលើភាពច្នៃប្រឌិតថ្មីផងដែរ»

សេចក្តីប្រកាសក្នុងសប្តាហ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាត បានទទួលពានរង្វាន់ពីរផ្សេងទៀតប្រចាំឆ្នាំ ២០២០ ពោលគឺក្រុមហ៊ុនបានឈ្នះពានរង្វាន់ បណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០២០ និងពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត និងជីវិតទាន់សម័យឌីជីថលល្អ ជាងគេបំផុតនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Finance Derivative Awards។

ជាងនេះទៅទៀត ក្រុមហ៊ុនសែលកាត ក៏បានឈ្នះពានរង្វាន់ បទពិសោធន៍លេងហ្គេមល្អជាងគេបំផុត ពីស្ថាប័ន OpenSignal ក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២០ និងពានរង្វាន់ Ookla Speedtest ចំនួន ៦ លើកទៀត រវាងឆ្នាំ ២០១៧ និងឆ្នាំ២០១៩។

លោក Watson បានបន្ថែមឲ្យដឹងទៀតថា «ពានរង្វាន់នេះ នឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍របស់យើង ក្នុងការធានាថា យើងនឹងនៅតែបន្ត ផ្តល់បទពិសោធន៍ ប្រើប្រាស់បណ្តាញទូរសព្ទប្រកបដោយទំនុកចិត្តខ្ពស់ ជូនដល់អតិថិជនទាំងអស់របស់យើង នៅក្នុងប្រទេសកម្ពុជា។ វានឹងបង្កើតបានជាគម្រូដ៏ល្អមួយ ដើម្បីអាចឲ្យយើងបន្តផ្តល់ជូនបណ្តាញ 5G ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ»

គំនិតច្នៃប្រឌិតថ្មី និងភាពជោគជ័យ នៃបណ្តាញទូរស័ព្ទចល័តរបស់ក្រុមហ៊ុនសែលកាត ត្រូវបានលើកយកមកបរិយាយ យ៉ាងក្បោះក្បាយ នៅក្នុងទស្សនាវដ្តីចេញផ្សាយ លេខចុងក្រោយរបស់ CIO Bulletin ហើយមិនតែប៉ុណ្ណោះផងដែរ សែលកាត ក៏ត្រូវបានចុះបញ្ជីជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃបំផុតទាំង ៣០ ដែលត្រូវឃ្លាំមើល នៅក្នុងទស្សនាវដ្តី Business Brainiac ដែលចេញផ្សាយ នាអំឡុងដើមឆ្នាំ២០២០នេះ៕